(អឺរ៉ុប)៖ ខណៈដែលតំបន់អឺរ៉ុបកំពុងតែប្រយុទ្ធប្រឆាំងនឹងការកើនឡើង នៃករណីជំងឺ COVID-19 ការិយាល័យរបស់អង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុបនៅថ្ងៃព្រហស្បតិ៍នេះបានអំពាវនាវដល់រដ្ឋាភិបាលក្នុងតំបន់ឲ្យបង្កើនការផលិតវ៉ាក់សាំង និងយុទ្ធនាការចាក់វ៉ាក់សាំងព្រមជាមួយគ្នា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១។
យោងតាម WHO ប្រចាំងអឺរ៉ុបបានឲ្យដឹងថា រហូតមកដល់ពេលនេះមានតែ ១០ភាគរយ នៃប្រជាជនសរុបក្នុងតំបន់ដែលបានទទួលវ៉ាក់សាំង ហើយមានតែ ៤ ភាគរយប៉ុណ្ណោះដែលបានចាក់ពេញលេញ។
លោក Hans Henri P. Kluge ជានាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុបបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា «ខ្ញុំសូមនិយាយឲ្យច្បាស់ថា យើងត្រូវតែពន្លឿនដំណើរការផលិតវ៉ាក់សាំង ប្រឹងកាត់បន្ថយបញ្ហាដែលរាំងស្ទះក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន...»។
ដោយបានលើកឡើងពីភាពន្ទាន់ នៃការចាក់វ៉ាក់សាំង នាយកប្រចាំតំបន់រូបនេះបានសង្កត់ធ្ងន់ថា កាលពីសប្តាហ៍មុនអឺរ៉ុបមើលឃើញករណីឆ្លងថ្មីរហូតដល់ ១.៦លានករណី និងករណីស្លាប់ ២៤,០០០នាក់ដែលធ្វើឲ្យអឺរ៉ុបក្លាយជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងទី២ លើពិភពលោក។
លោក Kluge បាននិយាយថា «វ៉ាក់សាំងជាវិធីល្អបំផុតរបស់យើង សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ទោះយ៉ាងណាដំណើរការចាក់វ៉ាក់សាំង ដូចជាយឺតយ៉ាវខ្លាំង ដែលមិនអាចទទួលយកបានទេ»៕