(បរទេស)៖ កាលពីថ្ងៃទី៣០ខែមីនា ឆ្នាំ២០២១ របាយការណ៍សិក្សាស្រាវជ្រាវចម្រុះ ស្តីពីការតាមដានរកប្រភពដើមនៃវីរុសជំងឺកូវីដ១៩ របស់ចិន-អង្គការសុខភាពពិភពលោក បានប្រកាសជាផ្លូវការនៅក្រុងហ្សឺណែវ។ របាយការណ៍នេះសម្គាល់ឃើញថា វីរុសជំងឺកូវីដ១៩ គ្មានលទ្ធភាពត្រូវចម្លងទៅមនុស្សជាតិ តាមរយៈបន្ទប់ពិសោធន៍នោះទេ មានលទ្ធភាពត្រូវចម្លងទៅមនុស្សជាតិដោយផ្ទាល់ តាមរយៈចំណីអាហារខ្សែសង្វាក់ក្លាសេត្រជាក់ ហើយទំនងជាត្រូវចម្លងទៅមនុស្សជាតិ តាមរយៈ medium កណ្តាលផងដែរ។
ប្រសិនបើអ្នកបានមើលរបាយការណ៍នេះយ៉ាងម៉ត់ចត់ នោះក៏អាចឃើញថា នៅពេលដែលអ្នកជំនាញទាំងជាតិ និងអន្តរជាតិរួមគ្នាសម្រេចការងារសិក្សាស្រាវជ្រាវ តាមដានរកប្រភពដើមនៃវីរុសជាសកល នៅក្រុងវូហានប្រទេសចិនកាលពីខែកុម្ភៈឆ្នាំនេះ សេចក្តីសន្និដ្ឋានពាក់ព័ន្ធដូចជា «វីរុសជំងឺកូវីដ១៩គ្មានលទ្ធភាពត្រូវចម្លងទៅមនុស្សជាតិ តាមរយៈបន្ទប់ពិសោធន៍នោះទេ» ជាដើមដែលមានចែងក្នុងរបាយការណ៍ ក៏ត្រូវបានលើកឡើងរួចរាល់ហើយ ប៉ុន្តែរបាយការណ៍ចុងក្រោយបំផុត ត្រូវមានការទទួលស្គាល់រួមគ្នាពីសំណាក់អ្នកជំនាញជាតិ និងអន្តរជាតិទើបអាចត្រូវប្រកាស នេះគឺជាអាកប្បកិរិយាបែបវិទ្យាសាស្ត្រនិងទទួលខុសត្រូវ។
ប៉ុន្តែសហរដ្ឋអាមេរិក និងប្រទេសប៉ែកខាងលិចដែលតែងតែ «តម្កល់នយោបាយលើវិទ្យាសាស្ត្រ» មិនពេញចិត្តចំពោះលទ្ធផលស៊ើបអង្កេត ចំពោះក្រុងវូហាននោះទេ ដូច្នេះសហរដ្ឋអាមេរិកញុះញង់ប្រទេសចំនួន ១៣ ដូចជា ជប៉ុន កូរ៉េខាងត្បូង កាណាដា និងអង់គ្លេសជាដើម រួមគ្នាចេញផ្សាយសេចក្តីថ្លែងការណ៍ ដោយចោទជាមន្ទិលសង្ស័យចំពោះ ខ្លឹមសារស៊ើបអង្កេតនៃក្រុមអ្នកជំនាញ នៃអង្គការសុខភាពពិភពលោក ហើយទាមទារឱ្យធ្វើការស៊ើបអង្កេតឯករាជ្យ។
ពេលថ្មីៗកន្លងទៅនេះ កាសែត The Wall Street បានចេញផ្សាយលិខិតមួយដែលហៅថា មាន «អ្នកវិទ្យាសាស្ត្រចំនួន២៦នាក់» បានរួមគ្នាចុះហត្ថលេខា ដើម្បីវាយប្រហារចំពោះក្រុមអ្នកជំនាញចម្រុះរបស់ អង្គការសុខភាពពិភពលោក និងចិន មួលបង្កាច់ក្រុមអ្នកជំនាញអន្តរជាតិថា មិនអាចធ្វើការស៊ើបអង្កេតឯករាជ្យនោះទេ។ មិនពិបាកនឹកស្មានថា ទីបំផុតការប្រកាសរបាយការណ៍ស្តីពី ការតាមដានរកប្រភពដើមនៃវីរុស ប្រហែលនឹងនាំឱ្យមានការជជែកពិភាក្សាជុំថ្មីមួយ។
និយាយសរុបទៅ បើការស៊ើបអង្កេតគ្មានការចូលរួមពីសហរដ្ឋអាមេរិក ឬក៏សហរដ្ឋអាមេរិកមិនចង់ឃើញលទ្ធផល នៃការស៊ើបអង្កេតនោះ សហរដ្ឋអាមេរិកក៏មិនទទួលស្គាល់។ តាមស្ថិតិនៃសកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា គិតមកទល់ថ្ងៃទី៣១ខែមីនាឆ្នាំ២០២១ ករណីឆ្លងជំងឺកូវីដ១៩សរុបនៅសហរដ្ឋអាមេរិកបានលើសពី ៣១លាននាក់ ហើយករណីស្លាប់ប្រហែលមានចំនួន ៥សែន៧ម៉ឺននាក់។ តើសហរដ្ឋអាមេរិកដែលមានបច្ចេកវិទ្យាជឿនលឿនបែបនេះ បានធ្វើឱ្យការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងស្រុក មានភាពធ្ងន់ធ្ងរដល់កម្រិតប៉ុណ្ណឹង? គួរតែរកមូលហេតុនៅអាមេរិកខ្លួនឯង!
ដើមឡើយ ការតាមដានរកប្រភពដើមនៃវីរុសជាបញ្ហាវិទ្យាសាស្ត្រ ប៉ុន្តែការធ្វើឱ្យបញ្ហាតាមដានរកប្រភពដើមនៃវីរុស ក្លាយជាបញ្ហានយោបាយ គ្រាន់តែនឹងបំផ្លាញដល់ការខិតខំប្រឹងប្រែងក្នុងការសាមគ្គីគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៃទូទាំងពិភពលោកប៉ុណ្ណោះ។ ថ្ងៃនេះពួកយើងសូមនិយាយអំពីបញ្ហានេះពី ៤វិស័យ អ្នកផងក៏យល់ច្បាស់ទាំងស្រុង។
* ទីមួយ វីរុសត្រូវបែកធ្លាយចេញពីបន្ទប់ពិសោធន៍ បន្ទាប់មកចម្លងទៅមនុស្សជាតិ នោះគឺគ្មានលទ្ធភាពនោះទេ
ក្រុងវូហានសម្បូរ crayfish និងមីហ្សឺកាន តែមិនសម្បូរវីរុសជំងឺកូវីដ១៩នោះទេ។ ចាប់តាំងពីបានផ្ទុះជំងឺកូវីដ១៩រៀងមក ពាក្យសម្តីដែលថា «ប្រភពដើមនៃវីរុសគឺពាក់ព័ន្ធនឹង វិទ្យាស្ថានសិក្សាស្រាវជ្រាវវីរុសនៃក្រុងវូហាន» បានត្រូវគេផ្សព្វផ្សាយជាទូទៅ គិតមកទល់បច្ចុប្បន្ននេះ នៅតែមានអ្នកនយោបាយ និងប្រព័ន្ធសារព័ត៌មានប្រទេសប៉ែកខាងលិច បង្ករឿងហេតុជុំវិញបញ្ហានេះ។
អ្នកវិទ្យាសាស្ត្រ និងបញ្ញវន្តពាក់ព័ន្ធជាច្រើនលើទូទាំងពិភពលោក បាននាំគ្នាទាត់ចោលពាក្យសម្តីនេះរួចរាល់ហើយ។ លោកស្រី Jonna Mazet អ្នកជំនាញផ្នែកជំងឺរាតត្បាតនៃសាខាសាលា Davis នៃសកលវិទ្យាល័យ California ដែលធ្លាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយ វិទ្យាស្ថានសិក្សាស្រាវជ្រាវវីរុសនៃក្រុងវូហានបានថ្លែងថា វីរុសជំងឺកូវីដ១៩គ្មានលទ្ធភាពត្រូវបែកធ្លាយ ចេញពីបន្ទប់ពិសោធន៍នោះទេ។ នេះគឺដូចគ្នានឹងសេចក្តីសន្និដ្ឋាន នៃរបាយការណ៍ស្តីពីការតាមដានរកប្រភពដើម នៃវីរុសជំងឺកូវីដ១៩របស់អង្គការសុខភាពពិភពលោក។
ផ្ទុយទៅវិញ សហរដ្ឋអាមេរិកបានបង្កើត បន្ទប់ពិសោធន៍ជីវគីមីសាស្ត្រជាង ២០០នៅទូទាំងពិភពលោក ដែលធ្លាប់កើតហេតុការណ៍បែកធ្លាយធាតុបង្ករោគ ដ៏មានគ្រោះថ្នាក់ជាច្រើនលើក។ កាលពីខែសីហាឆ្នាំ២០១៩ សហរដ្ឋអាមេរិកស្រាប់តែបិទ «មូលដ្ឋាន Fort Detrick» ដែលជាបន្ទប់ពិសោធន៍ជីវគីមីសាស្ត្រធំបំផុតក្នុងដែនអាមេរិក ដែលគួរឱ្យមនុស្សមានការពិភាក្សាយ៉ាងច្រើន។
* ទីពីរ ការរាយការណ៍ពីករណីចម្លងលើកដំបូងមិនមែនមានន័យថា ជាករណីដំបូងបង្អស់នោះទេ
ប្រព័ន្ធសារព័ត៌មានប្រទេសប៉ែកខាងលិច បានឃោសនាបំប៉ោងជាប់រហូតមកថា ករណីដែលក្រុងវូហានរាយការណ៍ជាលើកដំបូង ជាករណីដំបូងបង្អស់លើទូទាំងពិភពលោក ប៉ុន្តែមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិក បានទទួលស្គាល់នៅពេលមុននេះថា អ្នកស្លាប់ដោយសារជំងឺគ្រុនផ្កាសាយមួយចំនួន តាមពិតទៅគឺស្លាប់ដោយសារជំងឺកូវីដ១៩។ ហើយប្រទេសអង់គ្លេស បារាំងនិងអ៊ីតាលីជាដើមបានធ្វើតេស្តជាថ្មីម្តងទៀត ចំពោះអ្នកជំងឺដែលជាប់សង្ស័យឆ្លងជំងឺកូវីដ១៩ពីខែធ្នូឆ្នាំ២០១៩ ដល់ខែមករាឆ្នាំ២០២០បានឃើញថា ករណីជាច្រើនគឺមានប្រតិកម្មវិជ្ជមាន។ ដូច្នេះ តំបន់ដែលរាយការណ៍ករណីមុនៗមិនប្រាកដជាតំបន់ ដែលកើតវីរុសមុនគេបង្អស់នោះទេ។ ការងារតាមដានរកករណីឆ្លងជំងឺដំបូងបង្អស់ គឺមានភារកិច្ចធ្ងន់ធ្ងរនិងផ្លូវវែងឆ្ងាយ។
* ទីបី ការងារតាមដានរកប្រភពដើមនៃវីរុស គួរតែឈរលើចក្ខុវិស័យជាសកល
ជានិច្ចកាល ប្រទេសចិនមានអាកប្បកិរិយាបើកទូលាយ មានតម្លាភាព និងទទួលខុសត្រូវចំពោះការងារតាមដានរកប្រភពដើម នៃវីរុសជំងឺកូវីដ១៩ជាសកល ហើយគាំទ្រអ្នកវិទ្យាសាស្ត្រប្រទេសនានា ធ្វើការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រជាសកល អំពីប្រភពដើមនិងមធ្យោបាយចម្លង នៃវីរុសជាប់រហូតមក។ ផ្ទុយទៅវិញ សហរដ្ឋអាមេរិកបែរជាទម្លាក់កំហុសទៅឱ្យអ្នកផង ដូច្នេះរំពឹងទុកថា ប្រទេសពាក់ព័ន្ធដូចជាសហរដ្ឋអាមេរិកជាដើម ក៏អាចធ្វើដូចប្រទេសចិន ដែលធ្វើកិច្ចសហប្រតិបត្តិការក្នុងការតាមដានរកប្រភពដើម នៃវីរុសជាមួយអង្គការសុខភាពពិភពលោក ដោយប្រកាន់អាកប្បកិរិយាបែបវិទ្យាសាស្ត្រ។
* ទីបួន អ្នកវិទ្យាសាស្ត្ររបស់ចិននឹងធ្វើការងារតាមដានរកប្រភពដើម នៃវីរុសដល់ទីបញ្ចប់
លោកស្រី Maria van Kerkhove អ្នកទទួលខុសត្រូវផ្នែកបច្ចេកទេស អំពីវីរុសជំងឺកូវីដ១៩នៃអង្គការសុខភាពពិភពលោក បានបង្ហាញនៅពេលមុននេះថា ទូទាំងពិភពលោកបាននិងកំពុងស្វែងរកប្រភពដើម នៃវីរុសជំងឺកូវីដ១៩ ប៉ុន្តែប្រហែលមិនអាចរកឃើញបាននូវ «ករណីដំបូងបង្អស់» ជារៀងរហូតនោះទេ។ មិនថាអាចរកឃើញឬអត់ ដោយសារសមត្ថភាព និងអាកប្បកិរិយាទទួលខុសត្រូវរបស់អ្នកវិទ្យាសាស្ត្ររបស់ចិន ប្រទេសចិនមុខជានឹងធ្វើការងារតាមដានរកប្រភពដើម នៃវីរុសដល់ទីបញ្ចប់ជាមិនខាន។ អាចជឿជាក់ថា ល្គិកណាបញ្ហាតាមដានរកប្រភពដើមនៃវីរុសជំងឺកូវីដ១៩ វិលត្រឡប់ទៅរកក្របខ័ណ្ឌវិទ្យាសាស្ត្រវិញ ល្គិកណាការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ មិនកំណត់គោលជំហរជាមុន នោះយើងនឹងកាន់តែខិតជិតដល់ សេចក្តីសន្និដ្ឋានបែបវិទ្យាសាស្ត្រ៕