(ឡាហាវ៉ាន់)៖ លោក ចូស ល្វីស ហ្វឺណាន់ដែស យែរ៉ូ (Jose Luis Fernandez Yero) ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនផលិតឱសថ បាយអូឃ្យូបាហ្វាម៉ា (BioCubaFarma) នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថា ប្រទេសគុយបានឹងដាក់ឲ្យប្រើប្រាស់ឧបករណ៍ PCR សម្រាប់ធ្វើតេស្តរក COVID-19 របស់ខ្លួននៅខែមេសានេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១។
លោក Jose Luis Fernandez Yero បានគូសបញ្ជាក់ថា «យើងនឹងអាចផលិតរាល់សមាសធាតុ នៃឧបករណ៍ធ្វើតេស្ត PCR នៅលើកោះនេះផ្ទាល់បាន ដែលនឹងរួមចំណែកដល់ការការពារ អធិបតេយ្យភាពខាងផ្នែកបច្ចេកវិទ្យារបស់យើង ជាផ្នែកមួយនៃការឆ្លើយតបទៅនឹង ការឆ្លងរាតត្បាតជំងឺ COVID-19»។ គុយបានឹងមានសមត្ថភាពរៀបចំ ការធ្វើតេស្តតាមរយៈឧបករណ៍ PCR បានចំនួន ៣០,០០០នាក់ជារៀងរាល់ថ្ងៃគិតត្រឹមខែឧសភា ខណៈបច្ចុប្បន្នគឺបានត្រឹមតែ ២០,០០០ក្នុងមួយថ្ងៃប៉ុណ្ណោះ។
គួរបញ្ជាក់ថា ប្រទេសគុយបាដែលមានប្រជាជនជាង ១១លាននាក់ បានធ្វើតេស្តរក COVID-19 លើមនុស្សជាង ២,៩៨៤,០០០នាក់ហើយ គិតចាប់តាំងពីជំងឺនេះផ្ទុះឡើងនៅលើទឹកដីគុយបា កាលពីខែមីនាឆ្នាំមុន។ បច្ចុប្បន្នគុយបាមានករណីឆ្លងជំងឺ COVID-19 ទូទាំងប្រទេសសរុប ៧៥,២៦៣ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៤២៤នាក់ និងអ្នកជាសះស្បើយចំនួន ៧០,៦១៤នាក់៕