(អាមេរិក)៖ ករណីបាញ់ប្រហារមួយបានកើតឡើង នៅក្បែរទីក្រុង ឡូសអាន់ជែឡេស (Los Angeles) នៃរដ្ឋកាលីហ្វរញ៉ា នាល្ងាចថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) ហើយបានបណ្តាលឲ្យមនុស្សយ៉ាងហោច ០៤នាក់ស្លាប់ និង ០២នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១។
ប៉ូលិសប្រចាំទីក្រុង អូរែងច៍ (Orange) ដែលស្ថិតនៅចម្ងាយ ៥៥គីឡូម៉ែត្រពីភាគអាគ្នេយ៍ទីក្រុង Los Angeles បានឲ្យដឹងថា ពួកគេបានឆ្លើយតបចំពោះការរាយការណ៍ អំពីករណីបាញ់ប្រហារមួយនៅវេលាម៉ោង ៥៖៣០នាទីល្ងាច ថ្ងៃពុធសប្តាហ៍នេះ ហើយពេលទៅដល់កន្លែងកើតហេតុ ក៏បានប្រទះឃើញជនរងគ្រោះមួយចំនួន មានទាំងអ្នកស្លាប់ និងអ្នករងរបួស ព្រមទាំងបានលឺសូរសំឡេងកាំភ្លើង បន្ថែមទៀតផងដែរ។
គួរបញ្ជាក់ថា មនុស្ស ០៤នាក់បានបាត់បង់ជីវិតនៅហ្នឹងកន្លែងកើតហេតុ ខណៈ ០២នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅសង្រ្គោះ នៅឯមន្ទីរពេទ្យក្បែរៗនោះ។ ចំណែកជនសង្ស័យជាខ្មាន់កាំភ្លើងម្នាក់ ក៏ត្រូវអាជ្ញាធរឃាត់ខ្លួនបាន និងបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។ មិនទាន់មានការបញ្ជាក់ថា តើករណីបាញ់ប្រហារខាងលើនេះ មានជាប់ព័ន្ធនឹងចលនារើសអើងពូជសាសន៍ ដែលកំពុងរីកធំឡើងនៅសហរដ្ឋអាមេរិក ដែរមួយក៏យ៉ាងណានោះឡើយ៕