(បាងកក)៖ រដ្ឋាភិបាលថៃបានប្រកាសពី ផែនការចែកចាយវ៉ាក់សាំង COVID-19 នៅទូទាំងប្រទេសនៅក្នុងខែមេសានេះ ដើម្បីបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាជនរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១។
បើតាមក្រសួងសុខាភិបាលថៃ វ៉ាក់សាំងចិន Sinovac ចំនួន ០៨សែនដូស នឹងត្រូវបានចែកចាយទៅកាន់បណ្ដាខេត្តទាំងអស់ នៅក្នុងប្រទេសថៃដោយចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍នេះ។ នៅក្នុងចំណោមវ៉ាក់សាំងទាំងនេះមាន ៣៥០,០០០ដូសនឹងត្រូវផ្ដល់ជូនខេត្តចំនួន ០៦ ដែលមានអាត្រាឆ្លងខ្ពស់ និង ២៤០,០០០ដូសសម្រាប់ខេត្តទេសចរណ៍ចំនួន ០៨ ព្រមទាំង ៥ម៉ឺនដូសនឹងត្រូវបញ្ជូនទៅកាន់ខេត្តជាប់ព្រំដែនចំនួន ០៨។ ចំណែកឯវ៉ាក់សាំង ១៦០,០០០ដូសនឹងត្រូវចែកចាយទៅកាន់ខេត្តដែលនៅសល់។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលថៃនៅក្នុងសប្ដាហ៍នេះដែរ បានប្រកាសពីផែនការចាក់វ៉ាក់សាំង COVID-19 ជូនប្រជាជនថៃជាង ៣០លាននាក់ នៅទូទាំងខេត្តចំនួន ៧៧ នៅត្រឹមខែសីហាខាងមុខនេះ។ នៅក្នុងដំណាក់កាលទី ១ នៃយុទ្ធនាការចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២៥ ខែមីនាកន្លងទៅ ថៃបានចាក់វ៉ាក់សាំងសរុប ១៣៦,១៩០ដូស ជូនប្រជាជនរបស់ខ្លួន ហើយក្នុងចំណោមអ្នកទាំងនេះមាន ១២១,៣៩២នាក់ទទួលវ៉ាក់សាំងដូសដំបូង៕