Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនសង្ឃឹមថាមីយ៉ាន់ម៉ានឹងស្តារសន្តិភាព និងស្ថិរភាពឡើងវិញ, ចិនចង់ឲ្យមានការផ្តាស់ប្តូរ តាមបែបប្រជាធិបតេយ្យ និងមិនគាំទ្រការដាក់់ទណ្ឌកម្មឡើយ (Video inside)

01-04-2021 10:47

(ញូយ៉ក)៖ ប្រទេសចិននៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅញួយ៉ក) បានអះអាងថា ខ្លួនចង់ឲ្យមានការផ្លាស់ប្តូរបែបលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកំពុងគ្រប់គ្រងដោយយោធា ប៉ុន្តែចិនមិនគាំទ្រការដាក់ទណ្ឌកម្ម លើប្រទេសមីយ៉ាន់ម៉ាឡើយ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១។

ឯកអគ្គរដ្ឋទូតចិនប្រចាំ UN លោក ចាង ជុន (Zhang Jun) បានគូសបញ្ជាក់ប្រាប់អង្គប្រជុំ UNSC ខាងលើនេះថា «ប្រទេសចិនសង្ឃឹមថា ប្រទេសមីយ៉ាន់ម៉ានឹងស្តារសន្តិភាព ស្ថេរភាព និងការអនុវត្តច្បាប់រដ្ឋធម្មនុញ្ញឡើងវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងបន្តជំរុញការផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យ»

លោក Zhang Jun បានគូសបញ្ជាក់ប្រាប់បន្ថែមថា «ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាផលប្រយោជន៍រួម របស់សហគមន៍អន្តរជាតិ។ ប្រសិនបើប្រទេសមីយ៉ាន់ម៉ាត្រូវរុញច្រាន ឲ្យចូលទៅក្នុងភាពចលាចលអូសបន្លាយនោះ វានឹងក្លាយជាគ្រោះមហន្តរាយមួយ សម្រាប់ប្រទេសមីយ៉ាន់ម៉ា និងតំបន់ទាំងមូល»

បើតាមគោលជំហរបស់ចិនខាងលើនេះ ការដាក់ទណ្ឌកម្មតែពីសំណាក់ភាគីម្ខាង រួមទាំងចំណាត់ការបែបប្រឆាំងផ្សេងៗទៀត នឹងត្រឹមតែក្លាយជាការជំរុញ ឲ្យមានភាពតានតឹង និងការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង ដែលធ្វើឲ្យស្ថានការណ៍កាន់តែស្មុគស្មាញប៉ុណ្ណោះ។ តំណាងចិននៅ UN ខាងលើនេះ ក៏បានអំពាវនាវផងដែរឲ្យគ្រប់ភាគីនៅមីយ៉ាន់ម៉ា បង្កើនការអត់ធ្មត់ និងចាត់វិធានការដោះស្រាយបញ្ហា ប្រកបដោយលក្ខណៈស្ថាបនា ហើយចិនក៏អំពាវនាវឲ្យមីយ៉ាន់ម៉ា ការពារការធ្វើពាណិជ្ជកម្មរបស់់បរទេស នៅក្នុងប្រទេសនេះផងដែរ៕