(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦៨,៧៥៦នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,១១៥នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣១,១៦៦,៣៤៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៦៥,២៥៦នាក់ និងជាសះស្បើយឡើងសរុប ២៣,៦៧៣,៤៦២នាក់។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្តេជ្ញាចាក់វ៉ាក់សាំង COVID-19 ជូនដល់ប្រជាជនអាមេរិកឲ្យបានជាង ៩០% នៃចំនួនប្រជាជនពេញវ័យសរុប ២៥៨លាននាក់ទូទាំងសហរដ្ឋអាមេរិក នៅត្រឹមថ្ងៃទី១៩ ខែមេសា ហើយសម្រាប់អ្នកដែលនៅសល់ អាចនឹងទទួលការចាក់ជាបន្តបន្ទាប់ មិនឲ្យយូរជាងថ្ងៃទី០១ ខែឧសភានោះឡើយ។
បន្ថែមពីនេះកាលពីថ្ងៃពុធម្សិលមិញ ក្រុមហ៊ុន Pfizer នៅសហរដ្ឋអាមេរិក ក៏បានប្រកាសភាពប្រសិទ្ធភាព ១០០% លើការធ្វើតេស្តវ៉ាក់សាំងរបស់ខ្លួន ចំពោះក្មេងៗអាយុចាប់ពី ១២-១៥ឆ្នាំផងដែរ។ ក្រុមហ៊ុនអាមេរិក ដែលជាដៃគូជាមួយ ក្រមហ៊ុនអាល្លឺម៉ង់ BioNTech មួយនេះ កំពុងតែដាក់ពាក្យស្មើសុំពីនិយ័តករឱសថ និងចំណីអាហារអាមេរិក (FDA) ដើម្បីអនុញ្ញាតឲ្យប្រើវ៉ាក់សាំង Pfizer លើក្រុមមនុស្សមានវ័យដូចខាងលើនេះ ដែលអាចជំរុញឲ្យសហរដ្ឋអាមេរិក ងើបចេញពីវិបត្តិកាន់តែឆាប់៕