(ញូយ៉ក)៖ ប៉ូលិសក្រុងញូយ៉ក នៅថ្ងៃពុធនេះបានចាប់ខ្លួន និងចោទប្រកាន់បុរសម្នាក់ដែលបានប្រើហិង្សាលើស្ត្រីអាយុ៦៥ឆ្នាំម្នាក់ជាពលរដ្ឋអាមេរិកមានដើមកំណើតអាស៊ី ខណៈអំពើរើសអើងពូជសាសន៍ប្រឆាំងជនជាតិអាស៊ីកំពុងកើនឡើងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។
បើតាមប៉ូលិសក្រុងញូយ៉ក ស្ត្រីចំណាស់ខាងលើត្រូវបានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ វាយយ៉ាងចាស់ដៃនៅលើដងផ្លូវក្នុងសង្កាត់ Manhattan កាលពីរសៀលថ្ងៃចន្ទដើម សប្ដាហ៍កន្លងទៅនេះ។ បុរសជាជនសង្ស័យបានដាល់ និងទាត់ធាក់ទៅលើរាងកាយស្រី្តចំណាស់នោះ ដោយមានប្រើប្រាស់ពាក្យពេចន៍ប្រកាន់ពូជសាសន៍ប្រឆាំងនឹងជនជាតិ អាស៊ីផងដែរ។
ដោយឡែក បើតាមវីដេអូដែលត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម គេឃើញបុរសជាជនសង្ស័យបានធាក់ចំ ពោះរបស់ស្ត្រីចំណាស់ខាងលើឱ្យដួលទៅដី ហើយយក ជើងជាន់ពីលើ៣ដង មុនដើរទៅបាត់។ ជនរងគ្រោះជាស្ត្រីចំណាស់ខាងលើមិនត្រូវបានគេបញ្ជាក់អត្តសញ្ញាណឡើយ និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យដោយមានរបួស លើរាងកាយជាច្រើនកន្លែង។ ស្ត្រីចំណាស់រូបនេះបច្ចុប្បន្នមានស្ថិតនៅក្នុងស្ថានភាពនឹងនរ ចំណែកឯជនសង្ស័យដែលត្រូវបានបញ្ជាក់អត្តសញ្ញាណដែរនោះត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទហិង្សារើសអើងពូជសាសន៍។
គួរបញ្ជាក់ថា បើតាមមជ្ឈមណ្ឌលសម្រាប់ការសិក្សាការរើសអើងពូជសាសន៍ និងជ្រុលនិយម អំពើរើសអើងពូជសាសន៍ប្រឆាំងនឹងពលរដ្ឋអាមេរិកដើមកំណើតអាស៊ី បានកើន ឡើង១៤៩ភាគរយ ក្នុងឆ្នាំ២០២០កន្លងទៅ នៅតាមទីក្រុងធំៗចំនួន១៦ របស់សហរដ្ឋអាមេរិក បើធៀបទៅនឹងឆ្នាំ២០១៩៕
WANTED in connection to an assault. On Monday, March 29th at 11:40 AM, at 360 West 43rd St, a female, 65, was approached by an unidentified male who punched and kicked her about the body and made anti-Asian statements. Have Info? Call or DM☎️1-800-577-TIPS. Up to $2500 reward. pic.twitter.com/6gb5NDCZCA
— NYPD Crime Stoppers (@NYPDTips) March 30, 2021