(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៉ី នៅថ្ងៃពុធនេះបានរាយការណ៍ឱ្យដឹងថា ប្រអប់ខ្មៅទី ២ នៃយន្ដហោះដឹកអ្នកដំណើររបស់ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៉ី ស្រ៉ីវីចាយ៉ា (Sriwijaya Air) ដែលបានធ្លាក់ចូលសមុទ្រជ្វា (Java Sea) កាលពីដើមខែមករាកន្លងមកនេះ និងសម្លាប់មនុស្សសរុប ៦២នាក់ត្រូវបានរកឃើញហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅរសៀលថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។
ទីតាំងរបស់ប្រអប់ខ្មៅទី ២ ដែលមានមុខងារសម្រាប់កត់ត្រាសំឡេង ក្នុងបន្ទប់អ្នកបើកយន្តហោះ បូករួមទាំងការសន្ទនារវាងអាកាសយានិក និងក្រុមអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសហៅកាត់ CVR នៃយន្តហោះដឹកអ្នកដំណើររបស់ ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air ប្រភេទ Boeing 737-500 ដែលមានជើងហោះហើរ SJ182 ត្រូវបានគេកំណត់ទីតាំង កាលពីវេលាម៉ោងប្រហែល ៨៖០០នាទីយប់ថ្ងៃអង្គារ ហើយវាត្រូវបានរកឃើញ និងស្រង់យកមកលើគោកនៅព្រឹកថ្ងៃពុធនេះ។
សម្រាប់ប្រអប់ខ្មៅទី ១ ដែលមានមុខងារសម្រាប់កត់ត្រាទិន្នន័យផ្សេងៗរបស់យន្តហោះ ក្នុងអំឡុងពេលហោះហើរដូចជា ទិន្នន័យល្បឿន, រយៈកម្ពស់, សន្ទុះឡើង-ចុះ និងលំហូរឥន្ធនៈរបស់យន្តហោះ ត្រូវបានគេរកឃើញរយៈពេលបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការធ្លាក់។
គួរបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើររបស់ ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air ដែលមានជើងហោះ SJ182 មានគោលដៅហោះហើរចេញពី អាកាសយានដ្ឋានអន្តរជាតិ សូកាណូ-ហាតថា (Soekarno-Hatta) ដែលស្ថិតនៅរដ្ឋធានី ហ្សាការតា (Jakarta) ឆ្ពោះទៅកាន់ទីក្រុង ប៉ុនទាណាក់ (Pontianak) កាលពីថ្ងៃទី០៩ ខែមករា វេលាម៉ោង ២៖៣៦នាទីរសៀល (ម៉ោងក្នុងស្រុក) កន្លងមកនេះ បានបាត់ពីប្រព័ន្ធរ៉ាដាក្នុងរយៈពេលតែ ០៤នាទីប៉ុណ្ណោះបន្ទាប់ពីការហោះហើរលើអាកាស ហើយក្រោយមកអាជ្ញាធរឥណ្ឌូណេស៉ីបានប្រកាសថា យន្ដហោះនេះបានធ្លាក់ចូលសមុទ្រជ្វា ដោយមិនមានអ្នកនៅរស់ឡើយ៕