(វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានប្រកាសពីវិធានការណ៍ឆ្លើយតប ចំពោះការកើនឡើងនូវអំពើហិង្សា ប្រឆាំងជនជាតិអាមេកាំងដើមកំណើតអាស៊ី រួមទាំងការបញ្ចេញនូវថវិកាចំនួន ៤៩.៥លានដុល្លារអាមេរិក បានមកពីមូលនិធិប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា (COVID-19) ដើម្បីផ្ដល់ជូនដល់កម្មវិធីសហគមន៍អាមេរិក ដើម្បីជួយដល់ជនរងគ្រោះផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។
លោក បៃដិន បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «យើងមិនអាចនៅស្ងៀមទៀតបានទេ ចំពោះការកើនឡើងនូវអំពើហិង្សា ប្រឆាំងជនជាតិអាមេរិកាំង ដើមកំណើតអាស៊ី។ ការបាញ់ប្រហារទាំងនោះ គឺជាអំពើខុសទាំងស្រុង ដែលមិនស័ក្តិសមជាជនជាតិអាមេរិកាំងឡើយ ហើយវាត្រូវតែបញ្ឈប់»។
វិធានការណ៍ថ្មីរបស់លោកប្រធានាធិបតី ចូ បៃដិន រួមមានការបញ្ចេញនូវថវិកាចំនួន ៤៩.៥លានដុល្លារអាមេរិក បានពីមូលនិធិប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 សម្រាប់ផ្ដល់ជូនដល់ «កម្មវិធីសហគមន៍អាមេរិក ដើម្បីជួយជនរងគ្រោះ ដែលរួចផុតពីអំពើហិង្សាក្នុងគ្រួសារ និងការរំលោភផ្លូវភេទ» ក៏ដូចជាក្រុមការងារថ្មីមួយ ដែលយកចិត្តទុកដាក់ក្នុងការប្រឆាំងនឹង អំពើស្អប់ខ្ពើមចំពោះជនជាតិអាស៉ី ដើម្បីធ្វើការថែរក្សាសុខភាពផងដែរ។
គួរបញ្ជាក់ថា វិធានការណ៍ថ្មីខាងលើនេះ បានកើតឡើងបន្ទាប់ពីមានការបាញ់ប្រហារដ៏កក្រើកមួយ នៅទីក្រុងអាត្លង់តា (Atlanta) នៃរដ្ឋចរចៀ (Georgia) សហរដ្ឋអាមេរិក កាលពីដើមខែនេះ ដែលបណ្តាលឱ្យមនុស្ស ០៨នាក់ស្លាប់ ក្នុងនោះរួមមាន ០៦នាក់ជាស្ត្រីជនជាតិអាមេរិកាំង ដើមកំណើតអាស៊ី។ ការបាញ់ប្រហារនេះ បានបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំង ក្នុងចំណោមជនជាតិអាមេរិកាំង ដើមកំណើតអាស៉ី។ ការរើសអើងកាន់តែកើនឡើង ខណៈការប្រមូលផ្តុំគ្នាតវ៉ា ក៏បាននិងកំពុងកើតឡើងនៅអាមេរិកផងដែរ ដើម្បីជំរុញឲ្យបញ្ឈប់ជំងឺរើសអើងពូជសាសន៍នេះ៕