(ប្រេស៊ីល)៖ មេបញ្ជាការកងទ័ពជើងគោក ជើងទឹក និងជើងអាកាសនៃប្រទេសប្រេស៊ីលបានសម្រេចចិត្តលាលែងចេញពីតំណែង ខណៈលោកប្រធានាធិបតី Jair Bolsonaro កំពុងប្រឈមមុខនឹងវិបត្តិនយោបាយ ក៏ដូចជាធ្លាក់ចុះប្រជាប្រិយភាពមួយទំហឹងដោយសារតែការបរាជ័យក្នុងការគ្រប់គ្រងស្ថានការណ៍ COVID-19។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។
ក្រសួងការពារជាតិប្រេស៊ីលមិនបានបញ្ជាក់លម្អិតឡើយពីហេតុផលនៃការសម្រេចចិត្តលាលែងចេញពីតំណែងរបស់មេបញ្ជាការកងទ័ពជើងគោក លោក អេសុន ពូយ៉ូល (Edson Pujol), មេបញ្ជាការកងទ័ពជើងទឹក លោក អ៉ីលហ្គែស បាបូសា (Ilques Barbosa) និងមេបញ្ជាការកងទ័ពជើងអាកាសលោក អាន់តូនីញ៉ូ កាឡូស ប៊ឺមូដែស (Antonio Carlos Bermudes)។ ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលបានរាយការណ៍ថាការសម្រេចចិត្តរបស់មេបញ្ជាការទាំងបីរូប អាចជាការសម្ដែងការមិនពេញចិត្តទៅនឹង លោក Bolsonaro ដែលដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក ហ្វែរណាន់ដូ អាហ្សេវេដូ (Fernando Azevedo)។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ លោកប្រធានាធិបតីប្រេស៊ីល Jair Bolsonaro បានរុះរើគណៈរដ្ឋមន្ត្រីរបស់លោកដោយតែងតាំងរដ្ឋមន្ត្រីថ្មីចំនួន៣រូបគឺរដ្ឋមន្ត្រីការបរទេស, រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមទាំងនាយខុទ្ទកាល័យរបស់លោក។ កាលពីសប្ដាហ៍មុន លោក Bolsonaro ក៏បានតែងតាំងរដ្ឋមន្ត្រីសុខាភិបាលថ្មីទី៤ ផងដែរចាប់តំាងពីមានការឆ្លងរាតត្បាត COVID-19 នៅក្នុងប្រទេសប្រេស៊ីលមក៕