(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានបង្គាប់ឱ្យបុគ្គលិកទូតរបស់ខ្លួន ដែលមិនមានភារកិច្ចចាំបាច់ ត្រូវតែចាកចេញពីប្រទេសមីយ៉ាន់ម៉ា ខណៈមានការព្រួយបារម្ភថា ស្ថានការណ៍បច្ចុប្បន្នអាចនឹងរុញច្រាន ឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។

កាលពីពាក់កណ្ដាលខែមីនា ក្រសួងការបរទេសអាមេរិក ក៏ធ្លាប់បានអនុញ្ញាតផងដែរឱ្យបុគ្គលិកទូតរបស់ខ្លួន ដែលមិនមានភារកិច្ចចាំបាច់ អាចចាកចេញពីប្រទេសមីយ៉ាន់ម៉ា ដោយស្ម័គ្រចិត្ត។ ប៉ុន្តែនៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ ក្រសួងការបរទេសអាមេរិកបានធ្វើបច្ចុប្បន្នភាពលើការសម្រេចចិត្តនេះ ដោយប្ដូរវាទៅជាបទបញ្ជាវិញ។ «ក្រសួងការបរទេសអាមេរិកបានសម្រេចចិត្ត បង្គាប់ឱ្យបុគ្គលិកទូតមិនមានភារកិច្ចចាំបាច់ ចាកចេញពីភូមា (មីយ៉ាន់ម៉ា) ដោយសារតែបញ្ហាសុវត្ថិភាព និងសន្តិសុខនៃបុគ្គលិករដ្ឋាភិបាលអាមេរិក និងអ្នកដែលស្ថិតនៅក្រោមអាណាព្យាបាលរបស់ពួកគេ»។ នេះជាការគូសបញ្ជាក់របស់ ក្រសួងការបរទេសអាមេរិក។

គួរបញ្ជាក់ថា គិតចាប់តាំងពីមានរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈមក បាតុករកើនលើស ៥២០នាក់ហើយ ត្រូវបានកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបាញ់សម្លាប់។ ទោះជាការស្លាប់កាន់តែកើនឡើង ក៏ក្រុមបាតុករនៅតែបន្តធ្វើបាតុកម្ម តវ៉ាប្រឆាំងរបបយោធាដដែល ស្របពេលកងកម្លាំងប្រដាប់អាវុធ ជនជាតិដើមភាគតិចមួយចំនួន ក្នុងប្រទេសមីយ៉ាន់ម៉ាបានសន្យាថា នឹងការពារជនស៊ីវិលពីការសម្លាប់របស់យោធា ដែលនេះកំពុងបង្កឱ្យមានការព្រួយបារម្ភ ចំពោះជម្លោះប្រដាប់អាវុធ ឬសង្រ្គាមស៊ីវិលដែលអាចនឹងផ្ទុះឡើង៕