(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសចិនកំពុងផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសចំនួន៨០ និងអង្គការអន្តរជាតិចំនួន៣ ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាង១០ ក្នុងការស្រាវជ្រាវការអភិវឌ្ឍ និងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១។
លោកស្រី Hua Chunying បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានព្រមានកាលពីថ្ងៃចន្ទសប្តាហ៍នេះ អំពីគម្លាតកាន់តែធំរវាងចំនួនវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅក្នុងប្រទេសអ្នកមាន និងចំនួនវ៉ាក់សាំងដែលត្រូវបានចែកចាយដល់ប្រទេសក្រីក្រតាមរយៈគំនិតផ្តួចផ្តើម COVAX។
អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា បើយោងតាមស្ថិតិ បណ្តាប្រទេសអ្នកមាន មានតែចំនួន១៦ភាគរយនៃចំនួនប្រជាជនពិភពលោកបច្ចុប្បន្ន ប៉ុន្តែទទួលបានវ៉ាក់សាំងរហូតដល់ ៦០ភាគរយនៃវ៉ាក់សាំងរបស់ពិភពលោក។ ប្រទេសអភិវឌ្ឍន៍ជាច្រើនបានបញ្ជាទិញវ៉ាក់សាំងលើសចំនួនប្រជាជនរបស់ខ្លួន ពី២ទៅ ៣ដង ខណៈដែលប្រទេសកំពុងអភិវឌ្ឍន៍ក្រីក្របច្ចុប្បន្នមិនមាន ឬគ្មានលទ្ធភាពទទួលវ៉ាក់សាំងលោកខាងលិចទេ។
ដោយសង្កត់ធ្ងន់ថា វ៉ាក់សាំងគឺជាអាវុធដ៏មានឥទ្ធិពលបំផុត សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាត និងជាក្តីសង្ឈឹមសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស លោកស្រី Hua បានបន្ថែមថា វាគួរតែបម្រើដល់ពិភពលោកទាំងមូល និងផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិទាំងអស់។ ប្រទេសចិនបាននាំមុខក្នុងការចាត់ទុកវ៉ាក់សាំងជាទំនិញសាធារណៈសម្រាប់ពិភពលោកទាំងមូល និងកំពុងខិតខំធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាន និងលទ្ធភាពនៃការវ៉ាក់សាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍៕