(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន (DOH) នៅថ្ងៃចន្ទនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩,២៩៦ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៧៤១,១៨១ករណី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១។
ក្នុងរយៈពេលដូចគ្នានេះ DOH ក៏បានរាយការណ៍ពីការរកឃើញ អ្នកស្លាប់ថ្មីៗដោយសារជំងឺ COVID-19 ចំនួន ០៥នាក់បន្ថែមទៀតផងដែរ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ១៣,១៩១នាក់ ខណៈចំនួនអ្នកជំងឺជាសះស្បើយសរុប បានកើនឡើងដល់ ៦០៣,៣១០នាក់។
នៅចំពោះមុខនូវការកើនឡើងករណីឆ្លងថ្មីនេះ អាជ្ញាធរបានសម្រេចដាក់តំបន់ Metro Manila (តំបន់ក្តោបទាំងរដ្ឋធានីម៉ានីល និងទីក្រុងមួយចំនួនទៀត) និងនៅក្នុងខេត្តចំនួន៤ ជាប់ៗនោះ ក្នុងវិធានការរឹតត្បិតមួយដ៏តឹងរឹុងបំផុត កាលពីថ្ងៃចន្ទសប្តាហ៍នេះ ខណៈដែលវិធានការបិទខ្ទប់ប្រទេសដែលមានរយៈពេល០៧ថ្ងៃ នឹងបញ្ចប់នៅថ្ងៃទី ០៤ ខែមេសា៕