(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូនចា (Prayut Chan-o-cha) បានថ្លែងបដិសេធថា អាជ្ញាធរថៃមិនបានចាប់បញ្ជូនជនភៀសខ្លួនទាំងឡាយដែលបាន រត់មកជ្រកកោណនៅតាមព្រំដែនថៃ ត្រលប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញឡើយ ហើយលោកក៏បានអះអាងផងដែរថា រដ្ឋាភិបាលថៃត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ ទីជម្រកដល់ជនភៀសខ្លួនដែលគេចចេញពីការប្រយុទ្ធគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១។
ការអះអាងខាងលើរបស់លោក ប្រាយុទ្ធ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមអង្គការមនុស្សធម៌បាននិយាយថាយោធាថៃបានផ្ដើមចាប់បញ្ជូនប្រជាជនមួយចំនួន ដែលរត់គេចចេញពីការវាយប្រហារតាមផ្លូវអាកាសពីសំណាក់យោធាមីយ៉ាន់ម៉ា និងកំពុងជ្រកកោណក្នុងទីដីថៃត្រឡប់ទៅប្រទេសរបស់ពួកគេវិញ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារនេះ លោក ប្រាយុទ្ធបានគូសបញ្ជាក់ដូច្នេះថា៖ «គ្មានឡើយលំហូរជនភៀសខ្លួន...យើងគ្រាន់តែបានសួរនាំទៅកាន់អ្នកដែលឆ្លងដែន ចូលមកក្នុងទឹកដីថៃពីបញ្ហារបស់ពួកគេ។ នៅពេលពួកគេឆ្លើយថាគ្មានបញ្ហាអ្វីទេ យើងគ្រាន់តែស្នើសុំឱ្យពួកគេត្រឡប់ទៅទឹកដីរបស់ពួកគេវិញ។ ពោលគឺពួកយើងមិនបាន ប្រើកម្លាំងបាយនោះទេ»។
គួរបញ្ជាក់ថា កាលពីចុងសប្ដាហ៍កន្លងទៅ យោធាមីយ៉ាន់ម៉ាត្រូវបានគេរាយការណ៍ថា បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានរបស់កងទ័ព ជនជាតិដើមភាគតិចជាច្រើននៅតាមបណ្ដោយព្រំដែន ដោយបង្ខំឱ្យប្រជាជនស៊ីវិលរាប់ពាន់នាក់រត់ភៀសខ្លួនចូលក្នុងព្រៃ និងខ្លះទៀតឆ្លងដែនចូលទៅក្នុងទឹកដីថៃ៕