(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិនមានគោលជំហរដូចគ្នាទៅនឹងអតីតរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំដែរ នោះគឺចាត់ទុកចិនគឺជា «សត្រូវភូមិសាស្ត្រនយោបាយដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក នៅក្នុងស.វទី២១នេះ»។ ក៏ប៉ុន្តែ ផ្ទុយគ្នាពីរដ្ឋបាលលោក ដូណាល់ ត្រាំ រដ្ឋបាលលោក បៃដិនចង់ទប់ស្កាត់ ឥទ្ធិពលចិនតាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាដៃគូ និងសម្ព័ន្ធមិត្ត។
នៅក្នុងសម័យសង្រ្គាមត្រជាក់ ទីក្រុងវ៉ាស៊ីនតោនបានជួយស្ដារតំបន់អឺរ៉ុបឡើងវិញ ហើយបានបង្កើតបក្សសម្ព័ន្ធយោធាមួយឡើង គឺអង្គការ NATO ដើម្បីទប់ទល់ជាមួយ នឹងអតីតសហភាព សូវៀត។ ដោយឡែក នៅក្នុងការប្រឈមមុខជាមួយចិន សហរដ្ឋអាមេរិកត្រូវបានអ្នកជំនាញភាគច្រើនមើលឃើញថានៅក្នុងអនាគតដ៏ខ្លី ឬមធ្យមប្រហែលជាមិនអាចប្រមូលផ្ដុំកម្លាំងសម្ព័ន្ធមិត្ត ឬប្រទេសជាដៃគូក្នុងតំបន់ដើម្បីបង្កើតបក្សសម្ព័ន្ធយោធាអាស៊ី ឬ «NATO អាស៊ី» បាននោះឡើយ។
ហេតុផលធំជាងគេដែលគេយល់ឃើញថាជាឧបសគ្គរារាំងសហរដ្ឋអាមេរិកក្នុងការបង្កើតបក្សសម្ព័ន្ធយោធាអាស៊ីគឺ «ប្រយោជន៍សេដ្ឋកិច្ចរវាងចិន និងបណ្ដាប្រទេស ក្នុងតំបន់អាស៊ីតែម្ដង»។ ចិនមិនដូចជាអតីតសហភាពសូវៀតនោះទេ។ មិនដូចគឺនៅត្រង់ចិនបច្ចុប្បន្នជាមហាអំណាចសេដ្ឋកិច្ចលេខ២នៅលើពិភពលោក ហើយក៏ជាដៃគូ សេដ្ឋកិច្ចសឹងថាមិនអាចខ្វះបានសម្រាប់បណ្ដាប្រទេសក្នុងតំបន់ មិនថាប្រទេសនោះជាសម្ព័ន្ធមិត្តរបស់អាមេរិកក៏ដោយ។ ជាឧទាហរណ៍ជាក់ស្ដែងដូចជាជប៉ុនជាដើម។
នរណាក៏ដឹងដែរថាជប៉ុនជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ តែជប៉ុនគ្មានហេតុផលសេដ្ឋកិច្ច ឬភូមិសាស្ត្រនយោបាយជាក់លាក់ណាមួយត្រូវប្រឆាំងនឹងចិនជាដាច់ខាត នោះទេ ក្រៅតែពីរឿងជម្លោះទឹកដីនៅក្នុងតំបន់សមុទ្រចិនខាងកើត។ ផ្ទុយទៅវិញ ជប៉ុនត្រូវការទីផ្សារចិនជាចាំបាច់ដើម្បីស្ដារសេដ្ឋកិច្ចរបស់ខ្លួនពីវិបត្តិ COVID-19 ដ្បិតចិនបានទិញផលិតផលជប៉ុន ២០ភាគរយក្នុងមួយឆ្នាំៗ។
លើសពីនេះទៀត នៅក្នុងក្រសែភ្នែកប្រជាជនអាស៊ី ចិនមិនដល់ថ្នាក់គួរឱ្យខ្លាច ឬគំរាមកំហែងដល់ប្រទេសរបស់ពួកគេ និងក្នុងតំបន់ទាំងមូលដូចសហរដ្ឋអាមេរិកអះអាង នោះទេ។ ពោលគឺរាប់ទសវត្សរមកនេះ ចិនមិនដែលធ្វើអន្តរាគមន៍យោធាឈ្លានពានប្រទេសណាមួយទេ ខណៈអាមេរិកវិញបានប្រឡូកចូលក្នុងសង្រ្គាមបង្ហូរឈាម នៅក្រៅប្រទេសជាច្រើន ដូចជានៅអាហ្វហ្គានីស្ថាន ស៊ីរី លីប៊ី និងអ៉ីរ៉ាក់ ក្រោមហេតុផលដើម្បីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
តែទោះជាយ៉ាងណាក៏ដោយ អ្វីៗគ្រប់យ៉ាងអាចនឹងប្រែប្រួលភ្លាមៗក៏ថាបាន បើសិនជាចិនធ្វើសកម្មភាពខុសប្រក្រតីណាមួយដូចជាប្រើប្រាស់កម្លាំងយោធាវាយយកកោះតៃវ៉ាន់, នៅក្នុងតំបន់ជម្លោះដែនទឹកសមុទ្រចិនខាងកើត ឬសមុទ្រចិនខាងត្បូង ដែលទាំងនេះអាចនឹងក្លាយជាហេតុផលជាក់ស្ដែងឱ្យសហរដ្ឋអាមេរិកប្រើប្រាស់ដើម្បី បញ្ចុះបញ្ចូលឱ្យបណ្ដាប្រទេសក្នុងតំបន់ចូលរួមក្នុងបក្សសម្ព័ន្ធយោធារបស់ខ្លួន។ មានន័យថាប្រទេសក្នុងតំបន់ដែលមានជម្លោះទឹកដីជាមួយចិនអាចនឹងប្រឈមមុខត្រូវ ជ្រើសរើសយកមួយរវាង «ប្រយោជន៍សេដ្ឋកិច្ចជាមួយចិន និងបូរណភាពទឹកដី»៕
ប្រភព៖ Foreign Policy (ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១)