(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) នឹងរៀបចំកិច្ចប្រជុំស្តីវិបត្តិនៅមីយ៉ាន់ម៉ា ក្នុងថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) ក្រោយការបង្ក្រាបបាតុកម្មដ៏សាហាវនៅមីយ៉ាន់់ម៉ា កាលពីចុងសប្តាហ៍កន្លងទៅ ដែលបានបណ្តាលឲ្យបាតុករជាង ១០០នាក់បន្ថែមទៀតស្លាប់ ក្នុងនោះមានទាំងកុមារផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១។
សម័យប្រជុំបិទទ្វារនៃប្រទេសជាសមាជិក UNSC ទាំង ១៥ ខាងលើនេះ ត្រូវបានសម្រេចឲ្យរៀបចំឡើយ តបតាមការអំពាវនាវរបស់ចក្រភពអង់គ្លេស។ លោកស្រី គ្រីស្ទីន ស្ក្រាណឺ ប៊ឺជែណឺ (Christine Schraner Burgener) តំណាងពិសេសអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកបញ្ហានៅមីយ៉ាន់ម៉ា បានអះអាងថា កិច្ចប្រជុំខាងលើនេះក៏នឹងធ្វើការរៀបរាប់សង្ខេប អំពីស្ថានការណ៍ដែលបាននិងកំពុងកើតឡើងផងដែរ។
ទោះជាយ៉ាងណា ក្រុមអ្នកតាមអន្តរជាតិមិនទាន់ច្បាស់នៅឡើយទេថា តើក្រុមប្រឹក្សាសន្តិសុខ UN អាចចេញនូវសេចក្តីថ្លែងការណ៍រួមមួយ នៅក្រោយបញ្ចប់កិច្ចប្រជុំដែរ ឬមួយក៏យ៉ាងណានោះ ព្រោះវានឹងតម្រូវឲ្យការឯកភាពគ្នាទាំងស្រុង រវាងប្រទេសជាសមាជិកទាំង ១៥។ កាលពីថ្ងៃទី១០ ខែមីនា កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាសន្តិសុខ UN ក៏បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសធ្ងន់ៗជាលើកដំបូងផងដែរ ចំពោះការបង្ក្រាបដោយហិង្សាពីសំណាក់ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករដែលគ្មានអាវុធក្នុងដៃ ក្នុងនោះរួមមានទាំងស្ត្រី និងកុមារ៕