(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៥៩,៧០៧នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦៣៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣១,០៣៣,៨០១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៦៣,២០៦នាក់ និងជាសះស្បើយឡើងសរុប ២៣,៥០៩,២២០នាក់។
គួរបញ្ជាក់ តាមប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនបាននិយាយថា លោកកំពុងកំណត់គោលដៅថ្មី ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ២០០លានដូសនៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ១០០ថ្ងៃដំបូង នៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក។ លោក ចូ បៃដិន បានប្រកាស ទៀតថានឹងបញ្ចេញវ៉ាក់សាំងបង្ការ COVID-19 ផលិតដោយក្រុមហ៊ុន Johnson & Johnson ចំនួន ១១លានដូសនៅសប្តាហ៍នេះ។ ប៉ុន្តែ ទន្ទឹមគ្នាក្រុមអ្នកជំនាញបាន ព្រមានថាការបន្ធូរបន្ថយវិធានការរឹតត្បិតប្រឆាំង COVID-19 មុនកាលកំណត់ ឬលឿនរហ័សពេកអាចនឹងធ្វើឱ្យសហរដ្ឋអាមេរិកប្រឈមមុខនឹងការកើនឡើងនៃករណី ឆ្លងជាថ្មីម្ដងទៀត៕