(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងតែរៀបចំជាបន្ទាន់ ដើម្បីផ្អាករាល់ទំនាក់ទំនងពាណិជ្ជកម្ម ជាមួយសហភាពមីយ៉ាន់ម៉ា ដែលស្ថិតនៅក្រោមកិច្ចកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ២០១៣ រហូតទាល់តែរដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី ត្រលប់មកកាន់អំណាចវិញ។ នេះបើតាមប្រភពពីតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី ខាធើរីន តៃ (Katherine Tai) ដែលត្រូវបានដកស្រង់ដោយ CNA នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១។
ថ្ងៃសៅរ៍សប្តាហ៍មុននេះ គឺត្រូវបានចាត់ជាពេលវេលាបង្ហូរឈាម ដ៏ក្តៅគគុកបំផុត គិតចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី បានកើតឡើងកាលពីថ្ងៃទី០១ ខែកុម្ភៈ និងបានបង្កឲ្យមានបាតុកម្ម ស្ទើរទូទាំងប្រទេសនោះ។ កាលថ្ងៃសៅរ៍ ទី២៦ ខែមីនា ជាពេលដែលយោធាប្រារព្ធ «ទិវាកងទ័ពជាតិ» ក៏បានក្លាយជាឱកាសនៃការបង្ក្រាបយ៉ាងក្តៅគគុកផងដែរ ជាពិសេសនៅទីក្រុងរ៉ង់ហ្គូន និងម៉ាន់ដាឡាយ ដែលនាំឲ្យមនុស្ស ១១៤នាក់ស្លាប់ ក្នុងនោះ ០៧នាក់ជាកុមារ។
ឆ្លើយតបនឹងព្រឹត្តិការណ៍ខាងលើនេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសថ្កោលទោសធ្ងន់ៗរួចទៅហើយ ទៅលើរបបយោធាមីយ៉ាន់ម៉ា ហើយលោកក៏បានព្រមានចាត់វិធានការបន្ថែមផងដែរ។ ឈានចូលមកដល់ថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) តំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai ដែលទើបឡើងកាន់តំណែងថ្មីៗ បានចេញសេចក្តីថ្លែងការណ៍មួយថា «ការសម្លាប់រង្គាលបាតុករសន្តិភាព, និស្សិត, កម្មករ, មេដឹកនាំកម្មករ និងកុមារ ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានធ្វើឲ្យតក់ស្លុតដល់ មនសិការរបស់សហគមន៍អន្តរជាតិ។ សកម្មភាពទាំងនោះ គឺជាការវាយប្រហារដោយប្រយោល ទៅលើដំណើរការរបស់ប្រទេសនេះ ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងការខិតខំរបស់ប្រជាជនភូមា ដើម្បីទទួលបានអនាគតប្រកបដោយសន្តិភាព និងវិបុលភាព»។
លោកស្រី Tai បានលើកឡើងថា បន្ថែមពីលើការផ្អាក «កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្នាំ២០១៣» តំណាងពាណិជ្ជកម្មអាមេរិក ក៏នឹងធ្វើការងារជាមួយសភាអាមេរិក ដើម្បីគិតគូរឡើងវិញលើ កម្មវិធីអនុគ្រោះពន្ធ (GSP) ដែលសហរដ្ឋអាមេរិកតែងតែផ្តល់ ចំពោះប្រទេសកំពុងអភិវឌ្ឍមួយចំនួនផងដែរ។ លោកស្រី Tai បានសង្កត់ធ្ងន់ថា ប្រទេសដែលអាចទទួលបានការអនុគ្រោះតាមប្រព័ន្ធ GSP គឺតម្រូវឲ្យពួកគេគោរពសិទ្ធិកម្មករ ប៉ុន្តែមេដឹកនាំយោធាមីយ៉ាន់ម៉ា បានវាយប្រហារទៅលើមេដឹកនាំសហជីព និងកម្មករ ដោយសារតែពួកគេចូលរួម ទៅលើចលនាទាមទារលទ្ធិប្រជាធិបតេយ្យ ដែលប្រការនេះពិតជាកំពុងបង្ក ឲ្យមានការព្រួយបារម្ភខ្លាំងបំផុត៕