(ម៉ានីល)៖ ប្រទេសហ្វីលីពីននៅថ្ងៃចន្ទនេះ បានទទួលបាច់ដំបូងនៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Sinovac ដែលរដ្ឋាភិបាលរបស់ខ្លួនបានបញ្ជាទិញពីប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១។
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte អបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំហ្វីលីពីនលោក Huang Xilian នៅឯមូលដ្ឋានទ័ពអាកាសមួយក្នុងរដ្ឋធានីម៉ានីល បានស្វាគមន៍ចំពោះការមកដល់នៃវ៉ាក់សាំង CoronaVac ទាំងនេះ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Francisco Duque បាននិយាយថា ការមកដល់នៃវ៉ាក់សាំងនេះ«គឺត្រូវតាមពេលវេលា និងចាំបាច់បំផុត» ជាពិសេសនៅពេលដែល Metro Manila និងខេត្តជិតខាងកំពុងមើលឃើញការកើនឡើងនៃការឆ្លងវីរុសនេះ។
គួរបញ្ជាក់ថា វ៉ាក់សាំង Sinovac ចំនួនពីរបាច់ ដែលចិនបានបរិច្ចាគពីមុនបានមកដល់ប្រទេសហ្វីលីពីន តាំងពីខែកុម្ភៈមកម៉្លេះ ដែលអនុញ្ញាតឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកាលពីថ្ងៃទី០១ ខែមីនា។
រដ្ឋាភិបាលហ្វីលីពីនកំពុងបង្កើនកិច្ចប្រឹងប្រែងចាក់វ៉ាក់សាំងនៅតំបន់ Metro Manila និងខេត្តជិតខាងចំនួនបួន ដែលត្រូវបានគេរកឃើញថាមានការឆ្លងរោគភាគច្រើន។ ប្រទេសនេះមានគោលបំណងចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនឲ្យបាន ៧០% នៅឆ្នាំនេះ ដើម្បីធ្វើឲ្យមានភាពសាុំជាសហគមន៍៕