(គែរ)៖ អាជ្ញាធរប្រទេសអេហ្ស៉ីបនៅថ្ងៃចន្ទនេះបានឲ្យដឹងថា កប៉ាល់ដឹកទំនិញយក្ស Ever Given ដែលបានជាប់គាំង ហើយបង្កភាពរាំងស្ទះនៅព្រែកជីកស៊ុយអេ អស់រយៈពេលជិតមួយសប្តាហ៍មកហើយនោះ ត្រូវបានរំដោះចេញបានហើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១។
ទោះជាយ៉ាងណាភ្លាមៗនេះ គេមិនទាន់ដឹងច្បាស់ទេថាតើនៅពេលណា ដែលចរាចរណ៍អាចនឹងដំណើរការឡើងវិញបាន ១០០% តាមព្រែកដ៏សំខាន់មួយនេះនៅឡើយទេ។ ព្រែកស៊ុយអេ (Suez) គឺជាផ្លូវពាណិជ្ជកម្មដែលមមាញឹកបំផុតមួយនៅលើពិភពលោក ខណៈដែលកប៉ាល់យក្សជាង ៣៧០គ្រឿង កំពុងរងចាំធ្វើដំណើរឆ្លងកាត់ ក្នុងនោះរួមមានទាំងកប៉ាល់ដឹកកុងតឺន័រ និងនាវាដឹកទំនិញជាច្រើន។
ចំណែកក្រុមហ៊ុនខ្លះទៀត កាលដែលកប៉ាល់ Ever Given កំពុងជាប់គាំងនៅឡើយ បានសម្រេចប្តូរទិសដៅកប៉ាល់របស់ខ្លួន ដោយជ្រើសរើសផ្លូវវាងមួយជុំទ្វីបអាហ្វ្រិកទៀតផង ថ្បិតថាពួកគេមិនហ៊ានប្រថុយរងចាំការបើកព្រែកដោយមិនដឹងពីព័ត៌មានជាក់លាក់នោះទេ។
គួរបញ្ជាក់ថា កប៉ាល់ខាងលើ ដែលមានបណ្តោយប្រវែង៤០០ម៉ែត្រ បានជាប់គាំងទទឹងទិសនៅព្រែកជីកស៊ុយអេ កាលពីថ្ងៃអង្គារសប្តាហ៍មុន កំឡុងពេលមានខ្យល់កន្ត្រាក់បោកបក់ខ្លាំង ដែលជាហេតុធ្វើឲ្យការចេញចូលច្រកផ្លូវទឹក ដែលជាផ្លូវកាត់រវាងតំបន់អឺរ៉ុបនិងអាស៉ីនេះត្រូវកកស្ទះ៕