(កេនយ៉ា)៖ ភរិយាទី៣ និងចុងក្រោយបង្អស់របស់ជីតារបស់អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា គឺលោកស្រីសារ៉ា អូបាម៉ា (Sarah Obama) បានទទួលមរណភាពនៅព្រឹកថ្ងៃចន្ទនេះ នៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុង Kisumu ភាគខាងលិចនៃប្រទេសកេនយ៉ា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន the Sun នៅថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១។
កូនស្រីរបស់លោកស្រីឈ្មោះ Marsat Onyango បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ម្តាយរបស់អ្នកស្រីមិនស្រួលខ្លួនប៉ុន្មានសប្តាហ៍មកហើយ ប៉ុន្តែមិនបានឆ្លងជំងឺ COVID-19 ទេ។
លោកស្រី Mama Sarah មានកិត្តិនាមល្បីរន្ទឺនៅទូទាំងប្រទេសកេនយ៉ា នៅពេលដែលចៅរបស់លោកស្រីត្រូវបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីកាលឆ្នាំ២០០៨ ដោយផ្ទះរបស់លោកស្រី នៅក្នុងភូមិ Kogelo ក្លាយជាកន្លែងដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ។
លោកស្រីបានប្រើកិត្តិនាមរបស់ខ្លួន ដើម្បីលើកកម្ពស់វិស័យអប់រំ និងសប្បុរសធម៌ ដោយបានបង្កើតមូលនិធិ Mama Sarah Obama ដើម្បីផ្គត់ផ្គង់ដល់ក្មេងកំព្រានូវអាហារ និងការសិក្សា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម Twitter នៅថ្ងៃនេះ ប្រធានាធិបតីនៃប្រទេសកេនយ៉ាលោក Uhuru Kenyatta បាននិយាយថា មរណភាពរបស់លោកស្រី Mama Sarah គឺជា «ការប៉ះទង្គិចដ៏ធំមួយសម្រាប់ប្រជាជាតិរបស់កេនយ៉ា»។
លោក Kenyatta បានបន្តទៀតថា «យើងបានបាត់បង់ស្ត្រីដ៏រឹងមាំ និងមានគុណធម៌ និងជានិមិត្តរូបនៃគុណតម្លៃគ្រួសារ»៕