(ស៊ូដង់)៖ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានបញ្ជាក់កាលពីថ្ងៃចន្ទនេះថា មនុស្សយ៉ាងតិច ១៤នាក់បានស្លាប់និង០៧នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារដ៏សាហាវមួយនៅស្រុក Budi នៃរដ្ឋ Equatoria ភាគខាងកើតនៃប្រទេសស៊ូដង់ខាងត្បូង។ នេះបើយោងតាមការចញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១។
លោក Alandro Lotuk លេខាធិការសារព័ត៌មានខេត្តបាននិយាយថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានបើកការវាយប្រហារទៅលើជំរុំ Camp 15 នៅវេលាម៉ោងប្រហែល ១យប់ថ្ងៃអាទិត្យខណៈដែលមនុស្សម្នាកំពុងដេកលង់លក់ស្រួល ដោយបានសម្លាប់ស្ត្រី១២នាក់ និងកុមារ ២នាក់។
លោក Lotuk បានគូសបញ្ជាក់ថា«អាជ្ញាធររដ្ឋបានថ្កោលទោសចំពោះហេតុការណ៍យ៉ាងខ្លាំងបំផុត។ យើងចង់ធានាដល់ពលរដ្ឋរបស់យើងថា អាជ្ញាធរនឹងបើកការស៊ើបអង្កេតការវាយប្រហារនេះ»។
លោកបានបន្ថែមថា អាជ្ញាធរមូលដ្ឋានមិនទាន់អាចបញ្ជាក់ពីមូលហេតុនៅពីក្រោយការវាយប្រហារនេះបាននៅឡើយទេ ដោយកត់សម្គាល់ថាការតាមប្រមាញ់ដ៏ធំមួយដើម្បីស្វែងរកអ្នកវាយប្រហារកំពុងដំណើរការ។
គួរបញ្ជាក់ថា ការវាយប្រហារចុងក្រោយនេះ កើតឡើងមួយសប្តាហ៍បន្ទាប់ពីក្រុមសកម្មប្រយុទ្ធមួយក្រុមបានបើកការវាយប្រហារទៅលើទីតាំងប្រមូលផ្តុំកងកម្លាំងរបស់ក្រុមប្រឆាំង នៃកងទ័ពរំដោះប្រជាជនស៊ូដង់ (SPLA-IO) ស្ថិតក្នុងតំបន់ Kapoeta ដោយសម្លាប់មេបញ្ជាការរបស់ពួកគេ និងមនុស្ស០៤នាក់ផ្សេងទៀត៕