(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនសំលៀកបំពាក់ម៉ាកអន្តរជាតិមួយចំនួន ដូចជាក្រុមហ៊ុន H&M, UNIQLO និង NIKEជាដើម បានចេញផ្សាយសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយបានប្រកាសថា នឹងហាមមិនឱ្យប្រើប្រាស់កប្បាសនៃតំបន់ស៊ីនជាំង។ ប្រការនេះ បានញ៉ាំងឱ្យមជ្ឈដ្ឋានបណ្តាញអ៊ីនធឺណែត មានប្រតិកម្មយ៉ាងខ្លាំង។
រីឯអង្គការបញ្ជាពីក្រោយគឺ The Better Cotton Initiative ហៅកាត់ BCI និងទីភ្នាក់ងារ USAID របស់អាមេរិក ក៏ត្រូវគេលាតត្រដាង យ៉ាងច្បាស់លាស់ផងដែរ។ កប្បាសមានគុណភាពល្អដែលអង្គការ BCI ចង់ខិតខំប្រឹងប្រែងផ្សព្វផ្សាយ ក្នុងក្របខណ្ឌទូទាំងពិភពលោក ក្រៅពីកប្បាសផលិតដោយយន្តូបនីយកម្ម ក៏មានកប្បាសដែលផលិតដោយ ពលករតាមរយៈពលកម្មមិនបង្ខិតបង្ខំ។
កាលពីខែតុលា ឆ្នាំ២០២០ អង្គការ BCI បានប្រកាសសេចកី្តថ្លែងការណ៍ជាភាសាអង់គ្លេសមួយច្បាប់ ដោយប្រឌិតពាក្យចចាមអារ៉ាមស្តីពី «ការបង្ខិតបង្ខំឱ្យធ្វើពលកម្ម» នៅតំបន់ស៊ីនជាំង។ ប៉ុន្តែតាមពិតទៅ មិនថាអង្គការ BCI ឬក៏សមាជិករបស់អង្គការនេះ ដូចជាក្រុមហ៊ុន H&M ជាដើម សុទ្ធតែមិនដឹងច្បាស់ពីទន្និន័យពិតប្រាកដ និងសភាពការណ៍ផលិតកប្បាស នៃតំបន់ស៊ីនជាំងនោះឡើយ។
សូមបញ្ជាក់ថា ទីភ្នាក់ងារ USAID របស់អាមេរិក បង្កើតឡើងនៅឆ្នាំ១៩៦១ដែលត្រូវគេសន្មតថា ជាស្ថាប័នរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ផ្តល់ជំនួយមិនមែនយោធាដល់បរទេស។ ប៉ុន្តែក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ស្ថាប័នមួយនេះឧស្សាហ៏លូកដៃចូល និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសផ្សេងទៀត ដោយយកការផ្តល់ជំនួយធ្វើជាលេស។
អនុលោមតាមឯកសារជាសាធារណៈ បានឱ្យដឹងថា អង្គការ BCI ដែលមានទីចាត់ការទូទៅនៅក្រុងហ្សឺណែវ ប្រទេសស្វីស មានអ្នកផ្តល់ថវិកាសំខាន់មួយ គឺទីភ្នាក់ងារ USAID ហ្នឹងឯង។ ដូច្នេះហើយបានជា សហគ្រាសសំលៀកបំពាក់ពហុជាតិជាច្រើន បានស្តាប់ពាក្យភូតកុហក និងដើរតាមអង្គការ BCI ដើម្បីធ្វើពហិការចំពោះកប្បាសនៃតំបន់ស៊ីនជាំង នៅពីក្រោយព្រឹត្តិការណ៍នេះគឺ អាមេរិកហ្នឹងឯង។
ពេលមុននេះ ក្រសួងការបរទេសចិនបានបកស្រាយនិងបំភ្លឺពី ការពិតក្នុងសន្និសីទសារព័ត៌មានជាច្រើនលើករួចរាល់ហើយ ដោយបានចង្អុលបង្ហាញថា គ្មានបញ្ហាស្តីពី «ការបង្ខិតបង្ខំឱ្យធ្វើពលកម្ម» និង «ការរើសអើងជនជាតិភាគតិច» ជាដើមនោះទេ។
នៅថ្ងៃទី២៧ ខែមីនា សមាគមន៍ឧស្សាហកម្មកប្បាសរបស់ប្រទេសចិន បានចេញផ្សាយសេចកី្តថ្លែងការណ៍ ដោយបានប្រកាសថា សមាគមន៍ឧស្សាហកម្មកប្បាសរបស់ប្រទេសចិនប្រឆាំង ទង្វើបន្តុះបង្អាប់កប្បាសនៃតំបន់ស៊ីនជាំងជាដាច់ខាត ហើយនឹងរួមសហការជាមួយ សមាជិករបស់សមាគមន៍នេះទាំងអស់ និងសហគ្រាសពាក់ព័ន្ធ ក្នុងន័យផ្តល់ការគាំទ្រអស់ពីសមត្ថភាព ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មកប្បាស នៃតំបន់ស៊ីនជាំងប្រកបដោយ ភាពបៃតងនិងនិរន្តរភាព ក៏ដូចជាលើកកម្ពស់កម្លាំងឥទិ្ធពល នៃម៉ាកកប្បាសរបស់ប្រទេសចិន លើផ្ទៃអន្តរជាតិផងដែរ។
ការពិតជាក់ស្តែងបានបញ្ជាក់ថា ពាក្យសំដីដែលហៅថា «បង្ខិតបង្ខំឱ្យធ្វើពលកម្ម» ជាពាក្យភូតកុហកទាំងស្រុង ជារឿងគួរឱ្យអស់សំណើចដ៍អាក្រក់ ដែលប្រឌិតដោយអ្នកនយោបាយ អង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធសារព័ត៌មានមួយចំនួនតូច របស់អាមេរិកនិងលោកខាងលិច។
ពួកគេបានយក «ការបង្ខិតបង្ខំឱ្យធ្វើពលកម្ម» ធ្វើជាលេស រឹតត្បិតការនាំចេញផលិតផលនៃតំបន់ស៊ីនជាំង ព្រមទាំងដាក់សម្ពាធទៅលើសហគ្រាសចិន និងបំផ្លិចបំផ្លាញស្ថិរភាពនៃតំបន់ស៊ីនជាំង ក៏ដូចជាលាបព័ណ៌លើគោលនយោបាយ របស់ប្រទេសចិនសម្រាប់គ្រប់គ្រងតំបន់ស៊ីនជាំង រហូតដល់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសចិនយ៉ាងគឃ្លើន។ ទង្វើដែលយកបញ្ហា «សិទ្ធិមនុស្ស» ធ្វើជាលេស ដើម្បីលាបព័ណ៌លើតំបន់ស៊ីនជាំងតាមទំនើងចិត្ត និងមួលបង្កាច់ប្រទេសចិនទាំងនេះ ទើបជាទង្វើរំលោភបំពានសិទ្ធិមនុស្សពិតប្រាកដហ្នឹងឯង៕