(ឡុងដ៍)៖ ប្រទេសអង់គ្លេស នៅថ្ងៃចន្ទនេះបានឈានចូលដល់ដំណាក់កាលទី២ នៃការបន្ធូរបន្ថយវិធានការការបិទទ្វារ (lockdown) របស់ខ្លួនហើយ ដោយសារតែភាពជោគជ័យនៃការចាក់វ៉ាក់សាំងនៅក្នុងប្រទេស។ ប៉ុន្តែ រដ្ឋាភិបាលប្រទេសនេះនៅតែបន្តជំរុញឱ្យមានការប្រុងប្រយ័ត្នបន្ថែម ខណៈដែលរលក នៃវីរុសកូរ៉ូណា (COVID-19) នេះកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំងនៅពាសពេញទ្វីបអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១។
បន្ទាប់ពីសាលារៀន បានបើកដំណើរការឡើងវិញកាលពីថ្ងៃទី០៨ ខែមីនាកន្លងទៅនេះ វិធានការឱ្យស្នាក់នៅផ្ទះនៅប្រទេសអង់គ្លេស នឹងត្រូវបានបន្ធូរបន្ធយ ដែលអាចអនុញ្ញាតឱ្យមានការជួបជុំនៅខាងក្រៅត្រឹមមនុស្សប្រហែល ០៦នាក់ ឬពីរគ្រួសារ ដែលសារព័ត៌មានអង់គ្លេសកំពុងហៅថា «រីករាយថ្ងៃចន្ទ (Happy Monday)»។
ច្បាប់ថ្មីនេះ ក៏នឹងអនុញ្ញាតឱ្យក្រុមអ្នកលេងកីឡាចាប់ផ្តើមដំណើរការឡើងវិញផងដែរ រួមជាមួយកីឡាវាយកូនបាល់ កីឡាវាយកូនហ្គោល កីឡាបាល់បោះ និងកីឡាហែលទឹកនៅខាងក្រៅ។
នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានលើកឡើងថា លោកសង្ឃឹមថាថ្ងៃចន្ទនេះនឹងជាថ្ងៃដែលចាប់ផ្តើមនូវរដូវក្តៅដ៏អស្ចារ្យ នៃកីឡាអង់គ្លេស ជាមួយមនុស្សគ្រប់វ័យដែលបានជួបជុំជាមួយមិត្តរួមក្រុម ហើយអាចចាប់ផ្តើមសកម្មភាពដែលពួកគេស្រឡាញ់ឡើងវិញ។
លោក Johnson បានបន្ថែមថា «ប៉ុន្តែយើងត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច ដោយសារតែករណីឆ្លងវីរុស COVID-19 ជាច្រើនករណីបានកើតឡើងនៅទូទាំង ទ្វីបអឺរ៉ុប ជាពិសេសនោះ គឺវីរុស COVID-19 បំប្លែងខ្លួនថ្មីដែលកំពុងគំរាមកំហែងដល់ការចាក់វ៉ាក់សាំងរបស់យើង»។
គួរបញ្ជាក់ថា ដំណាក់កាលទី៣ នឹងការបើកដំណើរការឡើងវិញ នឹងចាប់ផ្ដើមពីថ្ងៃទី១២ ខែមេសាខាងមុខនេះតទៅ ដែលរដ្ឋាភិបាលអង់គ្លេស គ្រោងនឹងអនុញ្ញាតឱ្យមានការជួបជុំ ផឹកស៊ីនៅខាងក្រៅ និងហាងដែលមិនចាំបាច់ ដូចជាហាងកាត់សក់នៅអង់គ្លេសបើកដំណើរការឡើងវិញ៕