(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃចន្ទនេះបានអះអាងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបង្ហាញស្តង់ដារពីរ ខណៈគណៈកម្មាធិការត្រួតពិនិត្យទណ្ឌកម្ម របស់ស្ថាប័នដ៏មានឥទ្ធិពលមួយនេះ បានរិះគន់យ៉ាងខ្លាំង ទៅលើការធ្វើតេស្តមីស៊ីលថ្មីៗរបស់កូរ៉េខាងជើងថា ជាការរំលោភលើសេចក្តីសម្រេចចិត្តរបស់ អង្គការសហប្រជាជាតិ (UN)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១។
ប្រទេសកូរ៉េខាងជើងកាលពីសប្តាហ៍មុន បានបាញ់តេស្តគ្រាប់មីស៊ីលបាលីស្ទីក រយៈចម្ងាយខ្លីប្រភេទថ្មីចំនួនពីរគ្រាប់ ដែលត្រូវបានគេអះអាងថា អាចមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ រហូតដល់ទៅទម្ងន់ ២.៥តោនឯណោះ។ ប្រការនេះបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ស្នើសុំការកោះប្រជុំ នៃគណៈកម្មាធិការត្រួតពិនិត្យទណ្ឌកម្មរបស់ UNSC។
លោក ចូ ចុល ស៊ូ (Jo Chol Su) អគ្គនាយកទទួលបន្ទុកការឆ្លើយតប ទៅកាន់អង្គការអន្តរជាតិ នៃក្រសួងការបរទេសកូរ៉េខាងជើង បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ថា «នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ UNSC កាលពីថ្ងៃសុក្រសប្ដាហ៍មុន សហរដ្ឋអាមេរិកបានអំពាវនាវ ឱ្យមានការដាក់ទណ្ឌកម្ម និងរឹតបន្តឹងបន្ថែម ទៅលើការអនុវត្តវិធានការដែលមានស្រាប់ ដោយប្រឆាំងដាច់ខាតចំពោះ ការធ្វើតេស្តគ្រាប់មីស៊ីលថ្មីៗរបស់ប្រទេសកូរ៉េខាងជើង។ អាមេរិកចាត់ទុកថា នេះជាការរំលោភលើសេចក្ដីសម្រេចចិត្តរបស់ UN។ កិច្ចប្រជុំត្រូវបានរៀបចំឡើង ដើម្បីប្រឆាំងសិទ្ធិរបស់រដ្ឋយើង ក្នុងការការពារខ្លួន»។
លោក Jo បានសង្កត់ធ្ងន់បន្ថែមថា «វាបានបង្កើតនូវការប្រឆាំង ចំពោះរដ្ឋអធិបតេយ្យមួយ និងបង្កើតនូវលក្ខណៈស្តង់ដារពីរជាក់ស្តែង ដោយសារ UNSC លើកយកបញ្ហានេះ.... វាជាការលេងល្បែងដោយផ្ទាល់ នៃគោលនយោបាយរបស់សហរដ្ឋអាមេរិក។ វាពិតជាមិនសមហេតុផលទេ ដែលមានតែវិធានការការពារខ្លួន ដ៏សុច្ចរិតរបស់យើងមួយគត់ ត្រូវបានគេជ្រើសរើសយកទៅប្រឆាំង នឹងផ្តន្ទាទោស ខណៈដែលប្រទេសជាច្រើននៅលើពិភពលោក កំពុងបាញ់គ្រាប់មីស៊ីលផ្លោងគ្រប់ប្រភេទ ក្នុងគោលបំណងបង្កើនកម្លាំងយោធារបស់ពួកគេ»។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីខ្លួន បានចេញសេចក្តីថ្លែងការណ៍មួយរួចទៅហើយ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយបានរិះគន់ធ្ងន់ៗលើប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ថា បានបោះជំហានដ៏ខុសឆ្គងមួយ និងជាការបង្ហាញពី «អរិភាពដ៏ជ្រាលជ្រៅ» ក្រោយរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ធ្វើការរិះគន់យ៉ាងខ្លាំងលើការធ្វើតេស្ត គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង៕