Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គលេខាធិការ UN រិះគន់ប្រទេសអ្នកមានៗ ដែលប្រមូលវ៉ាក់សាំងស្តុកទុក លើសពីតម្រូវការ និងគិតតែពីប្រយោជន៍ខ្លួនឯង ​​​​(Video inside)

29-03-2021 10:29

(ម៉ុងរ៉េអាល់)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតឺរែស (Antonio Guterres) បានរិះគន់បណ្ដាប្រទេសអ្នកមានៗ សម្រាប់ការស្ដុកទុកវ៉ាក់សាំង COVID-19 ដោយលោកចាត់ទុកថា ជាទង្វើគិតតែពីប្រយោជន៍ខ្លួនឯង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១។

លោក Antonio Guterres ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍កាណាដា CBC នៅថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ពេលវេលានៅអាមេរិកខាងជើង) ដោយលោកអគ្គលេខាធិការបាននិយាយចំៗថា បណ្ដាប្រទេសអ្នកមានមួយចំនួន គិតតែពីប្រយោជន៍ខ្លួន តាមរយៈការស្ដុកទុកវ៉ាក់សាំងនៅក្នុងស្រុក លើសពីតម្រូវការរបស់ប្រជាជនខ្លួនឯង។

លោក Guterres បានលើកឡើងយ៉ាងដូច្នេះទៀតថា «ខ្ញុំពិតជាមានការព្រួយបារម្ភ ចំពោះភាពអយុត្តិធម៌នៃការចែកចាយវ៉ាក់សាំង នៅជុំវិញពិភពលោក... វាគឺជាផលប្រយោជន៍រួមសម្រាប់យើងទាំងអស់គ្នា ក្នុងការធ្វើឱ្យប្រាកដថាក្នុងពេលឆាប់ៗនេះ និងតាមមធ្យោបាយដ៏មានតម្លាភាព មនុស្សគ្រប់រូបមិនថាមកពីទីណាឡើយ អាចនឹងទទួលបានការចាក់វ៉ាក់សាំង ហើយវ៉ាក់សាំងគួរតែត្រូវបានចាត់ទុកថា ជាប្រយោជន៍រួមដ៏ពិតប្រាកដរបស់ពិភពលោក»

គួរបញ្ជាក់ថា បើតាមលោក Antonio Guterres កម្មវិធី កូវ៉ាកស៍ (COVAX) ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) កំពុងជួបការលំបាក នៅក្នុងការចែកចាយវ៉ាក់សាំង ទៅដល់បណ្ដាប្រទេសក្រីក្រ ដោយសារតែភាពអាត្មានិយម គិតតែពីប្រយោជន៍ខ្លួនឯងតែម្ដង ដូច្នេះហើយទើបលោកអំពាវនាវឱ្យបណ្ដាប្រទេសអ្នកមានៗ កុំស្ដុកទុកវ៉ាក់សាំងលើសពីតម្រូវការរបស់ខ្លួន៕