(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃអាទិត្យនេះបានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧៧ករណីបន្ថែមទៀត ដែលភាគច្រើនជាករណីឆ្លងក្នុងស្រុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១។
បើតាម CCSA ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ៥៨ករណីជាករណីឆ្លងក្នុងស្រុក។ ចំណែកឯ ១៩ករណីផ្សេងទៀតជាករណីនាំចូល ត្រូវបានរកឃើញនៅលើអ្នកដំណើរ ដែលទើបវិលត្រឡប់មកពីបរទេស។
ក្នុងរយៈពេលដូចគ្នា ប្រទេសអាស៊ានមួយនេះក៏រកឃើញអ្នកស្លាប់ថ្មី ចំនួនម្នាក់ផងដែរ ដែលជាអ្នកស្លាប់ទី៩៤ ដោយសារជំងឺដ៏កាចសាហាវនេះ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៨,៧៣៤ករណី ក្នុងនោះមានអ្នកស្លាប់ ៩៤នាក់ និងអ្នកជាសះស្បើយឡើងវិញ ២៧,២៣៩នាក់៕