(ការ៉ាកាស់)៖ មេដឹកនាំគណបក្សប្រឆាំងវេណេស៊ុយអេឡា លោក ហ័ន ហ្គៃដូ (Juan Guaido) បានអះអាងថាលោកបានទទួលការធ្វើតេស្ដ «វិជ្ជមាន COVID-19» និងមានរោគសញ្ញាស្រាល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១។
នៅក្នុងសារបង្ហោះលើ Twitter នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅការ៉ាកាស់) លោក ហ្គៃដូ បានបញ្ជាក់ថាលោកកំពុងដាក់ខ្លួននៅដាច់ដោយឡែក ពីអ្នកដទៃ ហើយក៏បានបង្ហាញការព្រួយបារម្ភចំពោះករណីឆ្លង COVID-19 នៅក្នុងប្រទេសរបស់លោកផងដែរ។ «ខ្ញុំចង់បង្ហាញពីសាមគ្គីភាពរបស់ខ្ញុំ ចំពោះប្រជាជនវេណេស៊ុយអេឡារាប់ពាន់នាក់ ដែលកំពុងរងការឈឺចាប់ដោយសារតែ COVID-19...»។ នេះការបញ្ជាក់បន្ថែមរបស់លោក ហ្គៃដូ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer វេណេស៊ុយអេឡា គិតត្រឹមថ្ងៃសុក្រកន្លងទៅ មានអ្នកឆ្លង COVID-19 ទូទំាងប្រទេស ១៥៥,៦៦៣នាក់ ក្នុងនោះស្លាប់ ១,៥៥៥នាក់ និងជាសះស្បើយឡើងវិញ ១៤៤,២២៩នាក់។ វេណេស៊ុយអេឡាទទួលបានវ៉ាក់សាំង៧សែនដូស ក្នុងនោះមាន ៥សែនដូសជាអំណោយវ៉ាក់សាំង Sinopharm របស់ចិន ហើយវ៉ាក់សាំងនៅសល់គឺ Sputnik V របស់រុស្ស៊ី៕