(ម៉ានីល)៖ យោធាហ្វីលីពីនបានបញ្ជូនយន្ដហោះចម្បាំងខ្នាតតូចជាច្រើនគ្រឿង ឱ្យទៅហោះឆ្វែលពីលើវានាចិនរាប់រយគ្រឿងនៅឯតំបន់ជម្លោះដែនទឹកក្នុងសមុទ្រចិន ខាងត្បូង។ នេះបើតាមរដ្ឋមន្ត្រីការពារជាតិហ្វីលីពីនដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១។
បើតាមយោធាហ្វីលីពីន នាវាចិនច្រើនជាង ២០០គ្រឿងដែលមានទាំងកងកម្លាំងប្រដាប់អាវុធនៅលើនោះកំពុងមានវត្តមានតំបន់ថ្មប៉ប្រះទឹក វីដសាន់ (Whitsun) ដែល ទីក្រុងម៉ានីល អះអាងថាជាតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃសៅរ៍ម្សិលមិញ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ដែលហ្វីន ឡូរិនហ្សាណា (Delfin Lorenzana) បាននិយាយថាយន្ដហោះចម្បាំងយោធាហ្វីលីពីន បាននិងកំពុងដឹកនាំការធ្វើប្រតិបត្តិការល្បាតស្ថានការណ៍ នៅឯតំបន់ថ្មប៉ប្រះទឹក វីដសាន់ ហើយយោធាក៏មានគម្រោងបង្កើនវត្តមាននាវាចម្បាំងនៅក្នុងតំបន់សមុទ្រចិនខាងត្បូងផងដែរដើម្បីការពារក្រុមអ្នកនេសាទហ្វីលីពីន។
«កងទ័ពអាកាស និងកងទ័ពជើងទឹករបស់យើងបានត្រៀមខ្លួនជាស្រេច ក្នុងការការពារអធិបតេយ្យភាព និងសិទ្ធិអធិបតេយ្យរបស់យើង»។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោករដ្ឋមន្ត្រីការពារជាតិហ្វីលីពីន។
គួរបញ្ជាក់ថា ស្ថានទូតចិនប្រចាំទីក្រុងម៉ានីល មិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ តែធ្លាប់បានអះអាងជាច្រើនលើកថានាវាចិននៅក្នុងតំបន់ថ្មប៉ប្រះទឹក Whitsun សុទ្ធសឹងតែជាទូកនេសាទធម្មតា និងគ្មានកងកម្លាំងប្រដាប់អាវុធនៅលើនោះឡើយ៕