(ប៉ារីស)៖ ចំនួនអ្នកជំងឺ COVID-19 ស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់នៅក្នុងប្រទេសបារាំងបានកើនឡើងដល់កម្រិតខ្ពស់មួយ ដែលកំពុងឈានទៅរកការដាក់ចេញវិធានការ រឹតត្បិតបន្ថែមទៀត ខណៈលោកប្រធានាធិបតី ម៉ាក្រុង និយាយថាវិធានការរឹតត្បិតថ្មីៗប្រហែលជាត្រូវការជាចាំបាច់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១។
បើតាមក្រសួងសុខាភិបាលបារាំង អ្នកជំងឺ COVID-19 កំពុងសម្រាកព្យាបាលក្នុងបន្ទប់សង្រ្គោះបន្ទាន់ ICU មានចំនួន ៤,៧៩១នាក់ កាលពីថ្ងៃសៅរ៍ម្សិលមិញ ដែលចំនួន នេះបានបង្កឱ្យមានការព្រួយបារម្ភថាបារាំងអាចនឹងធ្លាក់ចូលក្នុងស្ថានការណ៍ដូច ឬខ្លាំងជាងកាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានអ្នកជំងឺ COVID-19 ច្រើន ជាង៧,០០០នាក់ ស្ថិតនៅក្នុងបន្ទប់ ICU។
លោក ម៉ាក្រុង នៅក្នុងសប្ដាហ៍នេះបានការពារការសម្រេចចិត្តរបស់លោកដែលមិនបិទខ្ទប់ប្រទេសទាំងស្រុងជាលើកទី៣។ ប៉ុន្តែប្រឈមមុខនឹងការកើនឡើងនៃករណី ឆ្លង COVID-19 លោកបាននិយាយថាវិធានការរឹតត្បិតបន្ថែមទៀតអាចត្រូវដាក់ចេញ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers បារាំងបច្ចុប្បន្នមានអ្នកឆ្លង COVID-19 ចំនួន ៤,៥០៨,៥៧៥នាក់ ក្នុងនោះស្លាប់ ៩៤,៤៦៥នាក់ និងជាសះស្បើយឡើងវិញ ២៨៩,៣៥០នាក់៕