(ណៃពិដោរ)៖ ចំនួនបាតុករបាត់បង់ជីវិតនៅក្នុងការបង្រ្កាបយ៉ាងបង្ហូរឈាមពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ានម៉ា កាលពីថ្ងៃសៅរ៍ម្សិលមិញ បានកើនដល់ច្រើនជាង ១០០នាក់ ដែលនេះគឺជាចំនួនអ្នកស្លាប់ច្រើនបំផុតនៅក្នុងបាតុកម្មតវ៉ា ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១។
ការបង្រ្កាបយ៉ាងបង្ហូរឈាមខាងលើពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា កើតមានឡើងកាលពីថ្ងៃសៅរ៍ម្សិលមិញ ពោលគឺចំថ្ងៃដែលយោធាប្រារព្ធទិវាកងទ័ព និងធ្វើ ព្យុហយាត្រាយោធាបង្ហាញសាច់ដុំដាក់ក្រុមបាតុករ។ ថ្លែងនៅក្នុងឱកាសចូលរួមទិវានេះដែរក្នុងទីក្រុងណៃពិដោរ មេដឹកនាំរដ្ឋាភិបាលយោធា លោកឧត្តមសេនីយ៍ មីន អោង ហ្លេង (Min Aung Hlaing) បាននិយាយថាយោធានឹងការពារប្រជាជន ក៏ដូចជាតស៊ូដើម្បីលទ្ធិប្រជាធិបតេយជាមួយការសន្យារៀបចំការបោះឆ្នោតសកលថ្មីមួយ ហើយនឹងប្រគល់អំណាចឱ្យអ្នកឈ្នះ។
តែទន្ទឹមគ្នានឹងការសន្យានេះ សារព័ត៌មានមីយ៉ាន់ម៉ា Myanmar Now បានរាយការណ៍ថាមនុស្សយ៉ាងហោចណាស់ ១១៤នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបដោយ កងកម្លាំងសន្តិសុខនៃរដ្ឋាភិបាលយោធានៅទូទាំងប្រទេស ជាពិសេសក្នុងទីក្រុងរ៉ង់ហ្គូន និងទីក្រុងម៉ាន់ដាឡាយ កាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយធ្វើឱ្យចំនួនអ្នកស្លាប់ ក្នុងបាតុកម្មតវ៉ាចាប់តាំងពីថ្ងៃផ្ទុះរដ្ឋប្រហារមកកើនដល់ច្រើនជាង៤០០នាក់។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សប្រព្រឹត្តដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា លើក្រុមបាតុករ ហើយអំពាវនាវឱ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់៕