(ណៃពិដោ)៖ ប្រភពពីប្រព័ន្ធផ្សព្វផ្សាយនៅមីយ៉ាន់ម៉ា បានឲ្យដឹងថា កងកម្លាំងសន្តិសុខបានសម្លាប់បាតុករជិត៩០នាក់ហើយ កំឡុងបាតុកម្មនាថ្ងៃសៅរ៍នេះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ ទូរទស្សន៍ព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១។
សារព័ត៌មាន Myanmar Now បានរាយការណ៍ថា មនុស្សសរុប៩១នាក់ហើយ ត្រូវបានសម្លាប់ កំឡុងការបង្រ្កាបរបស់កងកម្លាំងសន្តិសុខ លើក្រុមបាតុករនាថ្ងៃសៅរ៍នេះ ដោយនៅក្នុងទីក្រុងរ៉ង់ហ្គូន ដែលជាទីក្រុងធំបំផុតរបស់មីយ៉ាន់ មានអ្នកស្លាប់យ៉ាងហោច២៤នាក់ និង នៅទីក្រុងម៉ាន់ដាឡៃ ដែលជាទីក្រុងធំលំដាប់ទីពីរ ដែលមានមនុស្សស្លាប់យ៉ាងតិច២៩នាក់។
គួរបញ្ជាក់ថា តាមរយៈតួលេខខាងលើ ថ្ងៃសៅរ៍នេះគឺជាថ្ងៃបាតុកម្ម ដែលមានមនុស្សស្លាប់ច្រើនបំផុតមួយ គិតចាប់តាំងតែការផ្ទុះរដ្ឋប្រហារ កាលពីដើមខែមុន ហើយនឹងធ្វើឲ្យចំនួនមនុស្សស្លាប់សរុបកើនលើស ៤០០នាក់ផងដែរ។ ប៉ុន្តែខាងយោធាធ្លាប់បានអះអាងថា តួលេខមនុស្សស្លាប់សរុប ក្នុងកំឡុងការបង្រ្កាបបាតុកម្ម គឺតិចជាងនេះឆ្ងាយ។
កាលពីថ្ងៃសុក្រម្សិលមិញ យោធាមីយ៉ាន់ម៉ា ក៏បានព្រមានផងដែរថា នឹងបាញ់ក្រុមបាតុករឲ្យចំក្បាល ប្រសិនបើហ៊ានមានការតវ៉ាណាមួយ នៅថ្ងៃសៅរ៍នេះ ដែលជាទីវាកងទ័ព។ យោធាមីយ៉ាន់ម៉ា បានប្រារព្ធពិធីព្យុហយាត្រាយោធាដ៏ធំសម្បើមមួយ នៅថ្ងៃសៅរ៍នេះ ស្របពេលដែលក្រុមបាតុករនៅតែចេញធ្វើបាតុកម្ម នៅតាមដងផ្លូវនៃទីក្រុងរ៉ង់ហ្គូន ទីក្រុងម៉ាន់ដាឡៃ និងតំបន់ដទៃៗទៀត៕