(ប៉េកាំង)៖ នៅថ្ងៃសៅរ៍នេះ ទីបំផុតទីក្រុងប៉េកាំងបានប្រកាសដាក់ទណ្ឌកម្មវាយបកវិញ ទៅលើសហរដ្ឋអាមេរិកព្រមទាំងកាណាដា ដែលជាការឆ្លើយតប ចំពោះការដាក់ទណ្ឌកម្មរបស់ប្រទេសទាំងពីរ មកលើចិនកាលពីដើមសប្តាហ៍នេះ ជុំវិញបញ្ហាតំបន់ស៉ីនជាំងនៃប្រទេសចិន ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១។
ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងដាក់ទណ្ឌកម្ម លើបុគ្គលក៏ដូចជាអង្គភាពមួយចំនួន នៅសហរដ្ឋអាមរិក និងនៅប្រទេសកាណាដា ដែលក្នុងនោះរួមមានលោកស្រី Gayle Manchin ដែលជាប្រធានគណៈកម្មការ ទទួលបន្ទុកសេរីភាពសាសនាអន្តរជាតិរបស់អាមេរិក ហៅកាត់ USCIRF, លោក Tony Perkins ដែលជាអនុប្រធាន USCIRF, សមាជិកសភាកាណាដា លោក Michael Chong ព្រមទាំងអនុគណៈកម្មាធិការសិទ្ធិមនុស្សរបស់សភាកាណាដា ជាដើម។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងកាណាដា បានព្រួតគ្នាប្រកាសដាក់ទណ្ឌកម្មមកលើប្រទេសចិន ក្រោមលេសថាមានការរំលោភសិទ្ធិមនុស្ស នៅឯតំបន់ភូមិភាគស៉ីនជាំងរបស់ចិន។ ភ្លាមៗនោះ ចិនបានប្រកាស ដាក់ទណ្ឌកម្មវិញ ទៅលើសហភាពអឺរ៉ុប ហើយប៉ុន្មានថ្ងៃមុន ចិនក៏បានប្រកាសដាក់ទណ្ឌកម្មលើចក្រភពអង់គ្លេសរួចរាល់ដែរ ខណៈឥឡូវគឺដល់វេន សហរដ្ឋអាមេរិកនិងកាណាដាម្តង៕