(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ បញ្ហាអំពីកប្បាសនៃភូមិភាគស៊ីនជាំង ត្រូវបានពិភាក្សាយ៉ាងសកម្ម។ ទន្ទឹមនឹងការវិវឌ្ឍរីកចម្រើននៃ “ព្រឹត្តិការណ៍ H&M” អ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេត មួយចំនួនបានរកឃើញថា ម៉ាក់សំលៀកបំពាក់អន្តរជាតិ ដែលមានគោលជំហរដូចគ្នានឹង H&M នៅមាន NIKE UNIQLO និង ADIDAS ជាដើម ។
លើកនេះ ក្រុមហ៊ុន H&M បានរៀនពីគោលជំហររបស់ប្រទេសអាមេរិក និងប្រទេសប៉ែកខាងលិច ប្រញាប់ចង់ផ្គាប់ចិត្តទីផ្សារប៉ែកខាងលិច បើមើលពីសំបកក្រៅហាក់ដូចជា ក្រុមហ៊ុន H&M បានធ្វើពហិកាចំពោះកប្បាសរបស់តំបន់ស៊ីនជាំង ប៉ុន្តែប្រសិនបើសង្កេតយ៉ាងល្អិតល្អន់អាចឃើញថា អង្គការក្រៅរដ្ឋាភិបាល BCI ដែលនៅពីក្រោយក្រុមហ៊ុន H&M គ្រាន់តែជាអាយ៉ងនៅខាងមុខប៉ុណ្ណោះទេ តាមពិតទៅ អ្នកដែលញាក់ខ្សែបញ្ជាពីក្រោយនៅតែជាអាមេរិក និងប្រទេសប៉ែកខាងលិចដដែល ។
ពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានបរទេសបានរកឃើញវីដេអូចាស់មួយ ក្នុងវីដេអូមួយនេះ លោក Lawrence Wilkerson វរសេនីយឯកកងទ័ពជើងគោកចូលនិវត្តន៍ ដែលធ្លាប់រ៉ាប់រងតំណែងជាប្រធានទីប្រឹក្សារបស់លោក Colin Luther Powell អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយពី “តក្កវិជ្ជា” នៅពីក្រោយឧបាយកលនេះ។ លោក Lawrence Wilkerson បានថ្លែងថា «ភូមិភាគស៊ីនជាំងរបស់ចិនមានជនជាតិវៃវូអឺចំនួន ២០លាននាក់ ។ ប្រសិនបើអង្គការ CIA ចង់បំផ្លាញស្ថិរភាពរបស់ចិន មធ្យោបាយល្អបំផុតគឺបង្កភាពច្របូកច្របល់ ក្នុងន័យធ្វើឱ្យប្រទេសចិនមានចលាចលពីផ្ទៃក្នុង»។ អាចឃើញថា នៅពីក្រោយ “ការធ្វើពហិកា” ចំពោះកប្បាសភូមិភាគស៊ីនជាំង គឺជាការគិតពិចារណាពីផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងនយោបាយរបស់អ្នកនយោបាយ និងសហគ្រាសរបស់ប្រទេសប៉ែកខាងលិច។
តាមស្ថិតិបង្ហាញឱ្យដឹងថា ទំហំដាំដំណាំកប្បាសនៃភូមិភាគស៊ីនជាំង ប្រហែលត្រូវជា ៧៩ភាគរយនៃទំហំដាំដំណាំកប្បាសសរុប នៅទូទាំងប្រទេសចិន បរិមាណកប្បាសសរុបនៃភូមិភាគស៊ីនជាំង ប្រហែលត្រូវជា ៨៧.៣ភាគរយនៃបរិមាណកប្បាសសរុបទូទាំងប្រទេសចិន។ មិនបាច់សង្ស័យឡើយ កប្បាសគឺជាឧស្សាហកម្មទ្រទ្រង់នៃភូមិភាគស៊ីនជាំង ហើយឧស្សាហកម្មវាយនភ័ណ្ឌ ក៏បានក្លាយជាមធ្យោបាយដ៏សំខាន់សម្រាប់ឱ្យតំបន់នោះ លុបបំបាត់ភាពក្រីក្រផងដែរ។
ក្នុងឧបាយកលដែលលោក Lawrence Wilkerson នឹកស្រមៃនោះ បើវាយប្រហារឧស្សាហកម្មទ្រទ្រង់នៃភូមិភាគស៊ីនជាំង នោះក៏បានវាយប្រហារកម្រិតជីវភាពរស់នៅ របស់ប្រជាជនក្នុងតំបន់ រហូតដល់វាយប្រហារឧស្សាហកម្មវាយនភ័ណ្ឌរបស់ចិនផងដែរ។ បច្ចុប្បន្ននេះ ចិនបានក្លាយជាប្រទេសផលិតកប្បាស ធំទីមួយលើពិភពលោក ការបេះកប្បាសនៅភូមិភាគស៊ីនជាំង បានសម្រេចភាពស្វ័យប្រវត្តិនៃម៉ាស៊ីន ហើយអត្រាបេះកប្បាសដោយយន្តូបនីយកម្មជិត ៧០ភាគរយ។
ដោយសារបានឃើញភូមិភាគស៊ីនជាំង ជិតនឹងស្វែងរកបាននូវផ្លូវអភិវឌ្ឍន៍ជានិរន្តរភាព បានជាសហរដ្ឋអាមេរិកក៏បានបង្ករឿងហេតុ ដើម្បីបង្កឧបសគ្គនៅពេលនេះ។
ដូចគ្នានឹងម្សៅសាប៊ូបោកខោអាវដែលលោក Colin Luther Powell អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក បានយកចេញក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីច្រើនឆ្នាំមុន លើកនេះក៏បានបង្កពាក្យចចាមអារ៉ាមថា មានកម្មករជនជាតិភាគតិចចំនួន ៥សែននាក់ត្រូវគេបង្ខំឱ្យបេះកប្បាស។
តើបង្ខំយ៉ាងណាហ្នឹង? កម្មករបេះកប្បាសទាំងនេះ ធ្វើការពីរខែអាចបានចំណូលជាង ១ម៉ឺនយាន់ប្រាក់ចិន មនុស្សជាច្រើនសុទ្ធតែប្រញាប់ប្រញាល់ទៅធ្វើការនេះ។ តើ “លុបបំបាត់ធម្មជាតិមនុស្ស” យ៉ាងណា? ការផលិតកប្បាសនៅភូមិភាគស៊ីនជាំង បានសម្រេចយន្តូបនីយកម្មជាយូរយារណាស់មកហើយ ឥឡូវគឺសតវត្សរ៍ទី ២១ ហើយ មិនមែនជាសម័យដែលទាសករស្បែកខ្មៅអាមេរិក ត្រូវបង្ខំឱ្យបេះកប្បាសកាលពីរយៈពេល ៣០០ឆ្នាំមុននោះទេ ម៉ាស៊ីនបេះកប្បាមួយគ្រឿងមានប្រសិទ្ធភាព លើសពីកម្មករចំនួន ៥រយនាក់ ហើយអត្រាបេះកប្បាសអាចឡើងដល់៩៣ភាគរយ។
ការធ្វើសង្គ្រាមផលប្រយោជន៍ ដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស គឺជាគោលបំណងរបស់ប្រទេសប៉ែកខាងលិច ដូចជាសហរដ្ឋអាមេរិកជាដើម។ និយាយពីនេះពីនោះសុទ្ធតែជាបញ្ហាដែលហៅថា “បង្ខំឱ្យធ្វើពលកម្ម” ប៉ុន្តែសហរដ្ឋអាមេរិកមិនអាចផ្តល់ ភស្តុតាងណាទាល់តែសោះ ។
ការពិតជាក់ស្តែងបានបញ្ជាក់ថា ប្រទេសចិនមានភាពស្មោះត្រង់ និងមានតម្លាភាព ហើយប្រជាជនចិនមានភាពស្វាហាប់ និងបើកទូលាយ។ ប្រទេសចិនបច្ចុប្បន្ននេះមិនមែនជាប្រទេសចិនកាលពី ១២០ឆ្នាំមុននោះឡើយ! ការគោរពការពិតជាក់ស្តែង ជាខ្សែបន្ទាត់ក្រហមសំខាន់បំផុត និងតឹងរ៉ឹងបំផុត៕