Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក៖ ផ្ទុះករណីបាញ់ប្រហារនៅរដ្ឋ Virginia, មនុស្ស២នាក់ស្លាប់ និង៨នាក់រងរបួស (Video inside)

27-03-2021 16:41

(វ៉ាស៊ីនតោន)៖ ករណីបាញ់ប្រហារជាបន្តបន្ទាប់បានកើតឡើង នៅតំបន់ឆ្នេរសមុទ្រនៃរដ្ឋវើជីនៀ (Virginia) ភាគខាងកើតសហរដ្ឋអាមេរិក កាលពីវេលាម៉ោង ១១៖០០នាទីយប់ថ្ងៃសុក្រ (ម៉ោងនៅវ៉ាស៊ីនតោន) នាំឲ្យមនុស្ស ០២នាក់ស្លាប់ និង ០៨នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១។

បើតាមមន្ត្រីប៉ូលិសនៅសង្កាត់ Virginia Beach ជាប់ឆ្នេរសមុទ្រនៃរដ្ឋ Virginia បានឲ្យដឹងថា ករណីបាញ់ប្រហារចំនួនពីរលើក បានកើតឡើងដាច់ដោយឡែកពីគ្នា ដោយសរុបមកមនុស្ស ០២នាក់បានស្លាប់ និង ០៨នាក់រងរបួស។ ប៉ូលិសកំពុងតែបន្តការស៊ើបអង្កេត ដើម្បីវែកមុខរកខ្មាន់កាំភ្លើង និងមូលហេតុនៅពីក្រោយករណីបាញ់ប្រហារគ្នានេះ។

មិនទាន់មានការអះអាងថា ករណីបាញ់ប្រហារនៅរដ្ឋ Virginia ខាងលើនេះ មានជាប់ពាក់ព័ន្ធនឹងចលនារើសអើងពូជសាសន៍ ដែលកំពុងតែរីកកាន់តែធំឡើង នៅសហរដ្ឋអាមេរិកដែរ ឬមួយក៏យ៉ាងណានោះឡើយ។ ងាកទៅកាន់រដ្ឋកាលីហ្វ័រញ៉ាវិញ ប្រជាជនមួយចំនួនបានប្រមូលផ្តុំគ្នា ដើម្បីតវ៉ាកុំឲ្យមានការរើសអើងពូជសាសន៍ ជាពិសេសទៅលើជនជាតិអាមេរិកាំង ដើមកំណើតអាស៊ី៕