(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃសៅរ៍នេះបានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨០ករណីបន្ថែមទៀត ដែលភាគច្រើនជាករណីឆ្លងក្នុងស្រុក និងអ្នកជំងឺម្នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១។
បើតាម CCSA ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ៧៣ករណីជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន ៥២ករណី ត្រូវបានរកឃើញនៅទីក្រុង បាងកក (Bangkok), ១៥ករណីនៅខេត្ត សាមុត សាខន (Samut Sakhon) និង ០៦ករណីទៀត រកឃើញនៅតាមបណ្តាខេត្តមួយចំនួន។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៨,៦៥៧ករណី ក្នុងនោះមានអ្នកស្លាប់ ៩៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ២៧,១៣៦នាក់ (ស្មើនឹង ៩៤.៧%)។ ចំពោះអ្នកជំងឺដែលទើបបាត់បង់ជីវិតម្នាក់ទៀតនោះ គឺជាបុរសវ័យ ៤៥ឆ្នាំ រស់នៅខេត្ត ណាខន ផាធំ (Nakhon Pathom) ដែលមានជំងឺទឹកនោមផ្អែមស្រាប់៕