(កង់បេរ៉ា)៖ រដ្ឋមន្រ្តីពាណិជ្ជកម្មអូស្រ្តាលី នៅថ្ងៃសៅរ៍នេះ បានព្រមាននាំចិនឡើងតតាំងគ្នាដល់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញការសម្រេចចិត្តរបស់ទីក្រុងប៉េកាំង ក្នុងការដំឡើងពន្ធលើផលិតផលស្រារបស់អូស្រ្តាលី សម្រាប់រយៈពេលរហូតដល់០៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១។
កាលពីថ្ងៃសុក្រម្សិលមិញ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសពីការយកពន្ធចន្លោះ១១៦.២-២១៨ .៤ភាគរយ ដែលនឹងត្រូវអនុវត្តទៅលើ ផលិតផលស្រានាំចូលមកពីប្រទេសអូស្រ្តាលី ចាប់ពីថ្ងៃអាទិត្យសប្តាហ៍នេះទៅ។ ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា ការសម្រេចចិត្តដំឡើងពន្ធខ្ពស់បែបនេះ គឺដោយសារតែការស៉ើបអង្កេតបានរកឃើញ មានភាពមិនប្រក្រតីមួយចំនួន ពាក់ព័ន្ធនឹងការនាំចូលផលិតផលស្រាមកពីអូស្រ្តាលី ដែលវាជះផលប៉ះពាល់លើទីផ្សារចិន។
ឆ្លើយតបនឹងការសម្រេចចិត្តរបស់ទីក្រុងប៉េកាំង រដ្ឋមន្រ្តីពាណិជ្ជកម្មអូស្រ្តាលី លោក Dan Tehan បាននិយាយថា វាគួរឲ្យខកចិត្តជាខ្លាំង និងមិនសមហេតុផលទាល់តែសោះ។ លោក Tehan ក៏បានសង្កត់ធ្ងន់ថា អូស្រ្តាលីនឹងពិចារណាលើជំហានបន្ទាប់ទៀត ដែលក្នុងនោះនឹងរួមមាន ការលើកបញ្ហានេះឡើងដល់អង្គការ WTO ផងដែរ។
គួរបញ្ជាក់ថា យោងតាមទិន្នន័យពីរដ្ឋាភិបាលអូស្រ្តាលី ទំហំនៃការនាំចេញផលិតផលស្រារបស់អូស្រ្តាលី ទៅកាន់ប្រទេសចិន បានកើនដល់ ៩០០លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៩។ ដោយឡែក កាលពីឆ្នាំមុន ប្រទេសទាំងពីរក៏បានឈ្លោះគ្នា រឿងដំឡើងពន្ធផលិតផលស្រដៀងគ្នានេះផងដែរ។ កាលនោះ អូស្រ្តាលីបានស្នើឲ្យអង្គការ WTO បើកការស៉ើបអង្កេតជុំវិញការដំឡើងពន្ធរបស់ចិន លើផលិតផលស្រូវបាឡេរបស់ខ្លួន៕