(ញូដេលី)៖ ទិន្នន័យចុងក្រោយដែលចេញផ្សាយ ដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថា ចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសបានកើនឡើងដល់ជាង ១១.៩០លានករណីហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលឥណ្ឌាបានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦២,២៥៨ករណីបន្ថែមទៀត ដែលនាំឱ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសបានកើនឡើងដល់ ១១,៩០៨,៩១០ករណី ខណៈអ្នកស្លាប់ថ្មីៗចំនួន២៩១នាក់ ក៏ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅដូចគ្នា ដែលនាំឱ្យចំនួនអ្នកស្លាប់សរុប ក៏បានកើនឡើងដល់ ១៦១,២៤០នាក់ផងដែរ។ ដោយឡែកអ្នកជំងឺសរុបចំនួន ១១,២៩៥,០២៣នាក់បានជាសះស្បើយឡើងវិញ។

គួរបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃក្នុងប្រទេសឥណ្ឌា នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ខណៈអាជ្ញាធរនៃប្រទេសមួយនេះកំពុងព្រួយបារម្ភពី រលកថ្មីមួយទៀតនៃជំងឺដ៏កាចសាហាវមួយនេះ ដែលត្រូវបានគេជឿជាក់មានជាប់ពាក់ព័ន្ធនឹងវីរុសបំប្លែងខ្លួនថ្មី៕