(អូតាវ៉ា)៖ ទីភ្នាក់ងារសុខភាពសាធារណៈកាណាដា (PHAC) នៅថ្ងៃសុក្រសប្ដាហ៍នេះបានឱ្យដឹងថា ប្រទេសកាណាដាត្រូវបានរំពឹងថា ចំនួនករណីឆ្លងនៃ COVID-19 សរុបនៅទូទាំងប្រទេស នឹងកើនជិត១លានករណី នៅសប្តាហ៍ក្រោយនេះ ខណៈវីរុស COVID-19 បំប្លែងខ្លួនថ្មីៗ នៅតែបន្តឆ្លងរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១។
ជាមួយនឹងវីរុស COVID-19 បំប្លែងខ្លួនថ្មីដែលកំពុងឆ្លងរីករាលដាលយ៉ាងទូលំទូលាយ នៅទូទាំងប្រទេសនេះ PHAC បានគូសបញ្ជាក់ថា ចំនួនករណីឆ្លង អាចកើនឡើងដល់ ១២,០០០ករណីក្នុងមួយថ្ងៃ ប្រសិនបើជនជាតិកាណាដា នៅតែរក្សាឬមួយក៏បង្កើនចំនួនមនុស្ស ដែលពួកគេធ្វើប្រាស្រ័យទាក់ទងជាមួយ ជារៀងរាល់ថ្ងៃ។
ករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មីឈ្មោះ B.1.1.7 នាពេលបច្ចុប្បន្ននេះ មានចំនួនខ្ពស់បំផុត នៅក្នុងចំណោមចំនួនករណីឆ្លងថ្មីៗ។ ករណីឆ្លងថ្មីៗមានប្រហែលជា ៣,០០០ករណី ដែលត្រូវបានរាយការណ៍ជារៀងរាល់ថ្ងៃ នៅទូទាំងប្រទេសកាណាដា ដែលចំនួននេះបានកើនឡើងពី តួលេខនៃករណីឆ្លងប្រចាំថ្ងៃខ្ទង់ ២,០០០ករណី កាលពីមួយខែមុន។ រីឯចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 បំប្លែងខ្លួនថ្មីៗ ក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ហើយវាបានកើតឡើង ស្របពេលដែលកាណាដា កំពុងព្យាយាមដោះស្រាយជាមួយនឹងភាពតានតឹង ដែលបង្កឡើងពីជំងឺរាតត្បាតនេះអស់រយៈពេលពេញមួយឆ្នាំមកហើយ។
ចំពោះមុខកំណើននៃការឆ្លងរាលដាល ល្បឿននៃការចាក់វ៉ាក់សាំង បានធ្វើឱ្យពលរដ្ឋកាណាដាជាច្រើនខកចិត្តយ៉ាងខ្លាំង ដោយមានប្រជាជនត្រឹមតែ ១៣ភាគរយប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំង សម្រាប់ដូសដំបូង ហើយរហូតមកដល់បច្ចុប្បន្ននេះ គឺជាតួលេខទាបបំផុត ក្នុងចំណោមបណ្ដាប្រទេសជាច្រើន។
គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសកាណាដា បានកត់ត្រានូវករណីឆ្លងវីរុស COVID-19 សរុបនៅទូទាំងប្រទេស ៩៥៦,៦៥៥ករណី ក្នុងនោះមានអ្នកស្លាប់ ២២,៨២៦នាក់ និងអ្នកជាសះស្បើយ ៨៩៣,៤៦៩នាក់៕