(ឡុងដ៍)៖ ចក្រភពអង់គ្លេសកំពុងតែពុះពារដើម្បីឈានទៅសម្រេច កិច្ចព្រមព្រៀងវ៉ាក់សាំងជាមួយសហភាពអឺរ៉ុប យ៉ាងឆាប់បំផុតនៅចុងសប្តាហ៍នេះ ដើម្បីបញ្ចៀសភាពជាប់គាំង ដែលអាចជំរុញឲ្យមានការកាត់ផ្តាច់ ការផ្គង់ផ្គង់វ៉ាក់សាំងរវាងប្លុក ដ៏មានឥទ្ធិពលរបស់ពិភពលោកមួយនេះ។ នេះបើតាមការដកស្រង់ព័ត៌មាន ចេញពីកាសែត The Times នារសៀលថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១។
នៅក្នុងកិច្ចព្រមព្រៀងដែលអាចនឹងសម្រេចចេញនេះ សហភាពអឺរ៉ុប (EU) នឹងតម្រូវដកចេញនូវការគំរាមកំហែង ក្នុងការហាមឃាត់ការនាំចេញវ៉ាក់សាំង Pfizer-BioNTech ទៅកាន់ចក្រភពអង់គ្លេស។ ជាកិច្ចតបស្នង ចក្រភពអង់គ្លេសនឹងអនុញ្ញាត ឲ្យមានការផ្គត់ផ្គង់វ៉ាក់សាំង Oxford-AstraZeneca សម្រាប់រយៈពេលវែងទៅកាន់សហភាពអឺរ៉ុប ដែលនឹងត្រូវចែកចាយចេញពីប្រទេសហូឡង់។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ និយ័តករឱសថអឺរ៉ុប (EMA) បានអនុម័តឲ្យក្រុមហ៊ុនផលិតឱសថ ហាលីច (Halix) នៅក្នុងប្រទេសហូឡង់ ជាអ្នកទទួលបន្ទុកផលិតវ៉ាក់សាំង AstraZeneca របស់ចក្រភពអង់គ្លេស ហើយក្រុមហ៊ុន ម៉ារប៊ឺក (Marburg) នៅក្នុងប្រទេសអាល្លឺម៉ង់ គឺជាអ្នកផលិតវ៉ាក់សាំង Pfizer-BioNTech ដើម្បីធ្វើចែកចាយ នៅទូទាំងសហភាពអឺរ៉ុប។ សហភាពអឺរ៉ុបរំពឹងថា ការផ្គត់ផ្គង់វ៉ាក់សាំងទៅកាន់ បណ្តាប្រទេសជាសមាជិក នឹងត្រូវជំរុញល្បឿនឡើងវិញ នៅត្រីមាសទី២នៃឆ្នាំ២០២១៕