(រ៉ង់ហ្គូន)៖ កាលពីថ្ងៃល្ងាចថ្ងៃសុក្រសប្តាហ៍នេះ ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV បានចេញផ្សាយនូវសារព្រមានរបស់យោធាមីយ៉ាន់ម៉ា ចំពោះក្រុមបាតុករប្រឆាំងទាំងឡាយ ដែលបាននិងកំពុងជំរុញឲ្យមានការតវ៉ា ប្រឆាំងក្នុងទ្រង់ទ្រាយធំ នៅក្នុងថ្ងៃប្រារព្ធទិវាកងទ័ព។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១។
សារព្រមានខាងលើនេះ ត្រូវបានផ្សព្វផ្សាយនៅលើ MRTV យ៉ាងដូច្នេះថា «អ្នកគួរតែយល់ហើយ... ថាអ្នកអាចនឹងរងគ្រោះ ដោយការបាញ់ចំក្បាល និងពីក្រោយ...»។ នេះគឺជាសារព្រមានធ្ងន់ៗ ដោយបើកចំហជាលើកដំបូង ខណៈចលនានៃក្រុមប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា កាន់តែមានសភាពផុសផុលឡើង។
បើតាមទិន្នន័យពីសមាគមផ្តល់ជំនួយ សម្រាប់អ្នកទោសនយោបាយ (AAPP) មនុស្សយ៉ាងហោចណាស់ ៣២០នាក់ត្រូវបានសម្លាប់ គិតចាប់តាំងពីរដ្ឋប្រហារផ្ទុះឡើង កាលពីថ្ងៃទី០១ ខែកុម្ភៈ។ ទិន្នន័យពី AAPP បានបន្ថែមទៀតថា ២៥% នៃអ្នកស្លាប់ខាងលើនេះ គឺត្រូវបានគ្រាប់កាំភ្លើងបាញ់ចំក្បាល។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃសៅរ៍នេះ របបដឹកនាំនៅមីយ៉ាន់ម៉ាបានចាប់ផ្តើម ប្រារព្ធទិវាកងទ័ពហើយ នៅក្នុងរដ្ឋធានីណៃពីដោ។ ទិវាកងទ័ពតែងតែប្រារព្ធឡើង ជារៀងរាល់ឆ្នាំដោយមានការបង្ហាញ រថពាសដែក, រថក្រោះ, យន្តហោះចម្បាំង និងមីស៊ីលផងដែរ ហើយជាធម្មតាតែងតែត្រូវបានចូលរួម ដោយមន្ត្រីយោធាកំពូលៗ ដឹកនាំដោយអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង (Min Aung Hlaing) ផ្ទាល់តែម្តង៕