(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បាននិយាយថា ចិនមិនមានចេតនាចង់យកឈ្នះសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែគ្រាន់តែចង់យកឈ្នះលើខ្លួនឯងប៉ុណ្ណោះ ដើម្បីក្លាយជាប្រទេសមួយដែលល្អប្រសើរជាងមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១។
ការកត់សម្គាល់បែបនេះ ធ្វើឡើងជាឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលថា លោកនឹងមិនអនុញ្ញាតឲ្យចិនវ៉ាសហរដ្ឋអាមេរិក ដើម្បីក្លាយជាមហាអំណាចទី១ លើលោកបានឡើយ នៅក្នុងអាណត្តិរបស់ខ្លួន។
ដោយកត់សម្គាល់ថា គោលនយោបាយរបស់ចិនចំពោះសហរដ្ឋអាមេរិក គឺមានភាពជាក់លាក់និងច្បាស់លាស់ដូចដែលធ្លាប់មានកន្លងមក លោកស្រី Hua បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តការមូលមតិគ្នាដែលបានឈានទៅដល់រួមគ្នារបស់មេដឹកនាំនៃប្រទេសទាំងពីរនៅក្នុងការហៅទូរសព្ទនាពេលកន្លងទៅនេះ ដើម្បីបន្តការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនិងស្ថេរភាពនៃទំនាក់ទំនងទ្វេភាគី។
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានកត់សម្គាល់ថា ចិនសង្ឃឹមថាសហរដ្ឋអាមេរិកនឹងអាចយល់ស្របជាមួយចិន ចំពោះគោលការណ៍មិនមានជម្លោះ ការមិនប្រឈមមុខគ្នា ចេះគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។
លោកស្រី Hua បាននិយាយទៀតថា វាមិនចម្លែកទេដែលឃើញមានការប្រកួតប្រជែងរវាងប្រទេសទាំងពីរ ដោយសារតែផលប្រយោជន៍រៀងៗខ្លួន។ ប៉ុន្តែអ្វីដែលសំខាន់គឺការស្វែងរកការប្រកួតប្រជែងមួយ ដែលមានសុខភាពល្អជាជាងការលេងហ្គេមសូន្យ។
គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា លោកនឹងរារាំងមិនឲ្យចិនអាចដណ្តើមតំណែងជា កំពូលមហាអំណាចលេខ ១ លើពិភពលោករបស់សហរដ្ឋអាមេរិកបានឡើយ ជាមួយការប្តេជ្ញាបណ្តាក់ទុនឲ្យខ្លាំងបំផុត ដើម្បីធានាថាអាមេរិកនៅតែនាំមុខចិន ក្នុងការប្រកួតប្រជែងរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ៕