(ប៉េកាំង)៖ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២១ នឹងជាទិវាអនុស្សាវរីយ៍ខួបទី១០០ នៃការបង្កើតបក្សកុម្មុយនិស្តចិន។ ការបង្កើតបក្ស ១០០ឆ្នាំ កាន់រដ្ឋអំណាច ៧២ឆ្នាំ និងមានសមាជិកបក្សកុម្មុយនិស្តចិនចំនួនជាង ៩១លាននាក់ ។ល។ តួលេខមួយចំនួននេះ បានបង្ហាញពីដំណើរដ៏អស្ចារ្យនិងភាពទាក់ទាញ ដែលរឹតតែយូររឹតតែមានភាពរស់រវើក របស់គណបក្សនយោបាយធំបំផុត នៅលើពិភពលោក។
ហេតុអ្វីបានជាបក្សកុម្មុយនិស្តចិន នៅតែពោរពេញទៅដោយកម្លាំងយុវភាព និងពោរពេញទៅដោយកម្លាំងក្លៀវក្លាដដែល? ពិភពលោកទាំងមូល សុទ្ធតែចង់ស្វែងរកលេខសម្ងាត់ ទទួលបានជោកជ័យរបស់បក្សកុម្មុយនិស្តចិន។ យោងតាមស្ថិតិបានឱ្យដឹងថា គិតរហូតដល់ដំណាច់ឆ្នាំ២០១៩ សមាជិកបក្សកុម្មុយនិស្តចិនមានអាយុក្រោម ៤០ឆ្នាំ មានចំនួនលើសពីមួយភាគបីនៃបរិមាណសរុប។
ក្នុងនាមជាគណបក្សនយោបាយ ដែលបានបង្កើតឡើងអស់រយៈពេលមួយរយឆ្នាំ អាចរក្សាបាននូវភាពក្លៀវក្លា និងរស់រវើកដូចនេះ ក្នុងពិភពលោកទាំងមូល ប្រហែលនឹងគ្មានគណបក្សណាមួយ អាចប្រៀបធៀបបាននោះឡើយ។ មូលហេតុគឺដោយមកពី ក្នុងជួរបក្សកុម្មុយនិស្តចិន តែងតែមានយុវជនដែលមានឧត្តមគតិ ខិតខំប្រឹងប្រែបំពេញភារកិច្ច និងពោរពេញទៅដោយស្មារតីតស៊ូជាប់រហូត។
ប្រការនេះជាមូលហេតុសំខាន់មួយ ដែលធ្វើឱ្យបក្សកុម្មុយនិស្តចិន មានកម្លាំងរស់រវើកជារៀងរហូត បន្ទាប់ពីឆ្លងកាត់ស្ថានការណ៍ប្រែប្រួល ទាំងជាតិនិងអន្តរជាតិអស់រយៈពេលមួយរយឆ្នាំ។ ក្នុងអំឡុងពេលមហាសន្និបាត នៃសភាទាំងពីររបស់ចិននៅឆ្នាំនេះ ក្នុងកម្មវិធី «ការយកបទសម្ភាសន៍ជាមួយតំណាងប្រជាជន នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន» មានតំណាងប្រជាជនចិនពីររូប គួរឱ្យអ្នកផងមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ មួយរូបគឺ លោក ចាង បួលីមានអាយុជិត៨០ឆ្នាំ ជាបណ្ឌិតសភាចារ្យ នៃបណ្ឌិតសភាវិស្វកម្មចិន និងមួយរូបទៀតគឺ កំលោះឈ្មោះ ហ្សូប៊ីន មានអាយុជាង២០ឆ្នាំ ជាអ្នកគ្រប់គ្រងគុណភាពគម្រោងសង់សាង នៃនាយកដ្ឋានវិស្វកម្មចិនទី៥ របស់ក្រុមហ៊ុនគ្រុបសំណង់ចិន។
ពេលនិយាយពីចំណាប់អារម្មណ៍ ចំពោះការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង លោក ចាង បួលី បានថែ្លងថា លោកមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ ពីការងាររបស់សមាជិកបក្សកុម្មុយនិស្តចិនវ័យក្មេង ក្នុងចំណោមបុគ្គលិកពេទ្យ។ បុគ្គលិកពេទ្យទាំងនោះ មានអាយុតែជាង៤០ឆ្នាំ ៣០ឆ្នាំ ឬ ២០ឆ្នាំ ហើយបុគ្គលិកពេទ្យយុវវ័យជំនាន់ក្រោយមានចំនួនដល់ទៅ ៧០ភាគរយនៃចំនួនបុគ្គលិកពេទ្យសរុប។
ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង ក្មួយទាំងនេះមិនខ្លាចពលីជីវិតនិងមានភាពអង់អាចក្លាហាន ហើយទទួលបានជ័យជម្នះក្នុងការសាកល្បងលើកនេះ។ លោក ចាង បួលី សម្គាល់ឃើញថា បុគ្គលិកពេទ្យដែលមានអាយុ ៤០ឆ្នាំ ៣០ឆ្នាំ និង ២០ឆ្នាំជា «តួអង្គសំខាន់» «កម្លាំងឈានមុខ» និង «កម្លាំងរស់រវើក» ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។
ចំណាប់អារម្មណ៍ចេញពីដួងចិត្តរបស់លោក ចាង បួលី បានបង្ហាញពីទំនួលខុសត្រូវនិងកាតព្វកិច្ចរបស់យុវជនជំនាន់ក្រោយ។ រីកឯកំលោះ ហ្សូប៊ីន តំណាងប្រជាជនចិនដែលមានអាយុតែជាង ២០ឆ្នាំ ធ្វើឱ្យអ្នកផងយល់ដឹងពី «ប្រកាន់ខ្ជាប់» របស់យុវជន។ កំលោះ ហ្សូប៊ីន បាននឹករលឹកថា «មុនដំបូងពេលខ្ញុំ បានទៅការដ្ឋានសង់សាងរៀនសូត្ររបៀបរៀបឥដ្ឋធ្វើជញ្ជាំង។ បើខ្ញុំមើលថា មិនសូវស្អាតទេ ខ្ញុំក៏រុញដួលនិងរៀបឥដ្ឋធ្វើជញ្ជាំងជាថ្មីឡើងវិញ កម្មករទាំងឡាយសុទ្ធតែសើចចំអក។ មកដល់ពេលនេះ រំលឹកឡើងវិញ នោះ គឺជាការយល់ដឹងដំបូងរបស់ខ្ញុំអំពីស្មារតីវីជ្ជាជីវៈ»។
កំលោះ ហ្សូប៊ីន បានប្រកាន់ខ្ជាប់នូវស្តង់ដាររបស់ខ្លួនជាប់រហូត ចុងបំផុតបានប្រែពីកម្មករក្លាយទៅជា ជ័យលាភីនៃការប្រកួតជំនាញវិជ្ជាជីវៈទូទាំងពិភពលោក ហើយក៏ធ្វើឱ្យប្រទេសចិនសម្រេចបាននូវ ការវាយទម្លុះក្នុងវិញ្ញាសាសង់សាង នៃការប្រកួតជំនាញវិជ្ជាជីវៈទូទាំងពិភពលោក។
យុវជនជំនាន់ក្រោយពោរពេញទៅដោយភាពក្លៀវក្លា កម្លាំងរស់រវើក មានកាតព្វកិច្ចនិងទំនួលខុសត្រូវ។ ក្នុងគ្រាដ៏គន្លឹះ ដែលប្រឈមនឹងស្លាប់និងរស់ សមាជិកបក្សកុម្មុយនិស្តយុវវ័យឥតរួញរាទេ ហើយបានបំពេញពាក្យសន្យា ចំពោះប្រទេសនិងប្រជាជន តាមរយៈប្រតិបតិ្តការជាក់ស្តែងរបស់ខ្លួន។
លោក វ៉ាងយុង មានអាយុជាង ៣០ឆ្នាំ ជាសមាជិកបម្រុងនៃបក្សកុម្មុយនិស្តចិន។ បន្ទាប់ពីផ្ទុះជំងឺកូវីដ ១៩ នៅក្រុងវូហានកាលពីឆ្នាំ២០២០ មក លោកបានរៀបចំហើយបានបង្កើតក្រុមរថយន្តស្ម័គ្រចិត្តមួយក្រុម ដើម្បីដឹកជញ្ជូនគ្រូពេទ្យនិងគិលានុបដ្ឋាយិការបស់មន្ទីរពេទ្យ Jin yintan ដោយឥតគិតថ្លៃចាប់ពីថ្ងៃដាច់ឆ្នាំតាមចន្ទគតិចិនមក។
ក្រុមរថយន្តនេះបានដឹកជញ្ជូនបុគ្គលិកពេទ្យទៅធ្វើការនិងចេញពីធ្វើការ ព្រមទាំងបានសម្របសម្រួលឱ្យ ក្រុមឡានតាក់ស៊ីចូលរួមជាមួយគ្នាដែរ ក្រៅពីនេះ ក៏បានសម្របសម្រួលក្រុមហ៊ុនកង់ចែករំលែករៀបចំកង់ នៅជុំវិញមន្ទីរពេទ្យ ។ ជាងនេះទៅទៀត លោកបានរៃអង្គាសប្រាក់ដើម្បីផ្តល់មីកញ្ចប់ដល់បុគ្គលិកពេទ្យ ខិតខំប្រឹងប្រែងទាក់ទងជាមួយ ភោជនីយដ្ឋានមួយចំនួននិងស្ថាប័នពាក់ព័ន្ធ ដើម្បីផ្តល់ម្ហូបអាហារដល់បុគ្គលិកពេទ្យ ដោយគិតពីការរួមចំណែករបស់លោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គណៈកម្មាការបក្សកុម្មុយនិស្តចិន បានអនុម័តលោកចូលជាសមាជិកបក្ស។
នាពេលបច្ចុប្បន្ននេះ ប្រទេសចិនបានឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដំណើរថ្មីសម្រាប់កសាងប្រទេសជាតិ ប្រកបដោយទំនើបភាវូបនីយកម្មសង្គមនិយម ដោយគ្រប់ជ្រុងជ្រោយ ជិតនឹងចាប់ផ្តើម ហើយផែនទីនៃ «ផែនការអភិវឌ្ឍជាតិ៥ឆ្នាំទី១៤» បានគ្រោងរួចរាល់ហើយ។ ឈរនៅចំណុចប្រសព្វនៃប្រវត្តិសាស្ត្រ យុវជនជំនាន់ក្រោយនឹងទទួល «បណ្តាក់វេន» ពីជំនាន់មុន ដូច្នេះ «តួអង្គសំខាន់» «កម្លាំងឈានមុខ» និង «កម្លាំងរស់រវើក» រាប់មិនអស់នឹងរួមចំណែកយុវវ័យរបស់ខ្លួន ក្នុងបុព្វហេតុប្រជាជន ដើម្បីជំរុញប្រទេសចិនឆ្ពោះទៅមុខដោយនឹងនរ ក៏ដូចជាបំពេញបំន្ថែមកម្លាំងជាបន្តបន្ទាប់ ដើម្បីវីបុលភាពនិងស្ថិរភាពនៅលើពិភពលោក៕