(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បាននិយាយថា លោកកំពុងកំណត់គោលដៅថ្មី ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ២០០លានដូសនៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ១០០ថ្ងៃដំបូង នៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១។
លោក បៃដិន បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា «ខ្ញុំជឿជាក់ថា យើងអាចធ្វើបាន»។ រដ្ឋបាលរបស់លោក បៃដិន បានកំណត់គោលដៅចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ១០០លានដូសក្នុងរយៈពេល ១០០ថ្ងៃដំបូង គិតចាប់តាំងពីថ្ងៃចូលកាន់តំណែងជាប្រធានាធិបតី នៅថ្ងៃទី២០ ខែមករា ប៉ុន្តែត្រូវបានសម្រេចគោលដៅនេះ រួចទៅហើយមុនពេលកំណត់។
បើតាមសេតវិមាន គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនចំនួន ១៣០លានដូសហើយ ក្នុងនោះរួមមានប្រជាជនប្រមាណ ៨៥លាននាក់ បានទទួលការចាក់វ៉ាក់សាំងសម្រាប់ដូសដំបូង ខណៈប្រជាជនប្រមាណ ៤៥លាននាក់ទៀត បានទទួលការចាក់វ៉ាក់សាំងពេញលេញតែម្ដង។ ដូច្នេះគោលដៅថ្មីនេះអាចនឹងធ្វើទៅបាន ប្រសិនបើល្បឿននៃការចាក់វ៉ាក់សាំង អាចបន្តធ្វើទៅបានយ៉ាងរលូន ដូចនាពេលបច្ចុប្បន្ននេះ។
លោក ចូ បៃដិន ធ្លាប់បានសន្យាកាលពីលោកនៅជា បេក្ខភាពប្រធានាធិបតីអាមេរិកថា លោកនឹងធ្វើការងារឱ្យប្រសើរជាងអ្នកកាន់តំណែងមុនលោក គឺលោក ដូណាល់ ត្រាំ ដែលមកពីគណបក្សសាធារណរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវមួយនេះ ដែលលោកបានជួយជំរុញ ការបង្កើតវ៉ាក់សាំងយ៉ាងឆាប់រហ័ស បើមិនដូច្នេះទេវាអាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ច និងបានផ្តល់ដំបូន្មានអំពីការពាក់ម៉ាស ការប្រមូលផ្តុំគ្នាធំៗ និងសកម្មភាពផ្សេងទៀតផងដែរ ដើម្បីបញ្ឈប់ការឆ្លងរីករាលដាលនៃជំងឺនេះ យ៉ាងមានប្រសិទ្ធភាពជាងមុនផងដែរ៕