Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហុងកុងប្រាប់ឲ្យរដ្ឋាភិបាលបរទេស ឈប់ទទួលស្គាល់លិខិតឆ្លងដែនពិសេស BNO របស់ចក្រភពអង់គ្លេស ​(Video inside)

25-03-2021 15:30

(ហុងកុង)៖ រដ្ឋាភិបាលហុងកុងបានស្នើទៅកាន់ ស្ថានកុងស៊ុលបរទេសប្រចាំនៅទីក្រុងនេះ ឲ្យឈប់ទទួលស្គាល់លិខិតឆ្លងដែនពិសេសមួយ របស់ចក្រភពអង់គ្លេស ដែលយុវជនហុងកុងភាគច្រើនប្រើប្រាស់ ដើម្បីស្នើសុំទិដ្ឋាការនៅតំបន់អឺរ៉ុប អាមេរិកខាងជើង និងផ្នែកខ្លះនៃអាស៉ី ជាដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១។

នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលហុងកុងបានផ្ញើលិខិតជូនដំណឹងទៅកាន់ ស្ថានកុងស៊ុលបរទេសប្រចាំនៅទីក្រុងខ្លួនថា ហុងកុងលែងទទួលស្គាល់លិខិតឆ្លងដែនពិសេសរបស់អង់គ្លេស ហៅកាត់ BNO ជាឯកសារធ្វើដំណើរដែលមានសុពលភាពទៀតហើយ គិតចាប់តាំងពី ខែថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។ ក្នុងលិខិតដដែលនោះ រដ្ឋាភិបាលហុងកុងបានទាមទារឲ្យប្រើប្រាស់ លិខិតឆ្លងដែនរបស់ហុងកុងផ្ទាល់ជំនួសវិញ។

គួរបញ្ជាក់ថា បញ្ហាវិវាទផ្នែកការទូតជុំវិញលិខិតឆ្លងដែន BNO បានកើតមានឡើងកាលពីខែមករា កន្លងទៅ បន្ទាប់ពីអង់គ្លេសបានដាក់ចេញនូវគម្រោងទិដ្ឋាការថ្មីមួយ ដែលផ្តល់ឱកាសឲ្យពលរដ្ឋហុងកុង ដែលមានបំណងចាកចេញពីទីក្រុងហុងកុង អាចឆ្ពោះទៅរកការចូលសញ្ជាតិអង់គ្លេសដោយពេញលេញបាន។

អង់គ្លេសបានចាប់ផ្តើមគម្រោងទិដ្ឋាការនោះ បន្ទាប់ពីហុងកុងបានអនុម័តច្បាប់សន្តិសុខជាតិថ្មីមួយ ដែលមានលក្ខណៈតឹងរ៉ឹងខ្លាំង កាលពីឆ្នាំមុន។ បច្ចុប្បន្នប្រជាជនហុងកុងជិត ០៣លាននាក់ កំពុងតែកាន់ឬមានសិទ្ធិកាន់ លិខិតឆ្លងដែន BNO ដែលត្រូវបានបង្កើតឡើងដំបូង តាំងតែពីមុនពេល អង់គ្លេសប្រគល់ហុងកុងឲ្យទៅចិនគ្រប់គ្រងវិញ កាលពីឆ្នាំ១៩៩៧៕