(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ ព័ត៌មានចាស់ស្តីពីក្រុមហ៊ុន H&M ធ្វើពហិកាចំពោះកប្បាសស៊ីនជាំង បានបណ្តាលឱ្យមានការចាប់អារម្មណ៍ និងពិភាក្សាយ៉ាងច្រើនលើបណ្តាញអ៊ីនធើណេត។

សេចក្តីថ្លែងការណ៍មួយដែលក្រុមហ៊ុន H&M បានចេញផ្សាយនៅវេបសាយផ្លូវការរបស់ខ្លួន បានធ្វើឱ្យអ្នកប្រើបណ្តាញអ៊ីនធើណេត មានការខឹងសម្បាយ៉ាងខ្លាំង។ សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ដោយសារបានចាប់អារម្មណ៍ដល់របាយការណ៍របស់អង្គការសង្គមស៊ីវិល ក្រុមហ៊ុននេះសម្រេចចិត្តមិនធ្វើកិច្ចសហប្រតិបត្តិការ ជាមួយរោងចក្រកាត់ដេរសំលៀកបំពាក់ ដែលស្ថិតនៅស៊ីនជាំង ទោះតាមទម្រង់ណាក៏ដោយ ហើយក៏មិនបញ្ជាទិញផលិតផលនិងវត្ថុធាតុដើមពីតំបន់ស៊ីនជាំងផងដែរ។

ហេតុអ្វីបានជាព័ត៌មានចាស់នេះ ត្រូវគេលើកឡើងម្តងទៀត? នៅពីក្រោយរឿងនេះគឺ ឧបាយកលរបស់កម្លាំងប្រឆាំងចិនលោកខាងលិច ដែលប៉ុនប៉ង «យកស៊ីនជាំងគាបសង្កត់ប្រទេសចិន»។ អ្នកប្រើបណ្តាញអ៊ីនធើណេត បានបង្ហោះសារថា «បង្កើតពាក្យចចាមអារ៉ាម ដើម្បីធ្វើពហិកាចំពោះកប្បាសស៊ីនជាំងបណ្តើរ ចង់រកលុយបាននៅប្រទេសចិនបណ្តើរ វាគ្រាន់តែជាការស្រមើស្រមៃតែប៉ុណ្ណោះ! បច្ចុប្បន្ន បើស្វែងរកតាមវេទិកាធុរកិច្ចអេឡិចត្រូនិចជាច្រើនអាចឃើញថា គ្មានផលិតផលពាក់ព័ន្ធរបស់ក្រុមហ៊ុន H&M រួចរាល់ហើយ»

ក្នុងសេចក្តីថ្លែងការណ៍បានលើកឡើងថា «បានចាប់អារម្មណ៍ដល់របាយការណ៍របស់អង្គការសង្គមស៊ីវិល» តើអង្គការសង្គមស៊ីវិលនេះ ជាអង្គការប្រភេទណា? ហើយវាបានចេញផ្សាយរបាយការណ៍យ៉ាងណា? នេះមិនមែនជារឿងចៃដន្យនោះទេ ពេលថ្មីៗកន្លងទៅនេះ លោក Adrian Zenz បញ្ញវន្តអាល្លឺម៉ង់ បានចេញរបាយការណ៍ឱ្យដឹងថា «ការជម្លៀសកម្លាំងពលកម្ម នៅតំបន់ខាងត្បូងស៊ីនជាំងទៅកាន់ តំបន់ផ្សេងទៀតគឺ ដើម្បីធ្វើឱ្យសមាមាត្រជនជាតិវីវូអឺ ក្នុងតំបន់មានការធ្លាក់ចុះ។ ជនជាតិវីវូអឺវ័យក្មេងទៅចិនដីគោក នឹងមានទម្លាប់រស់នៅដូចជនជាតិហាន»

តាមពិតទៅឈ្មោះ Adrian Zenz មិនមែនជាបញ្ញវន្តទាល់តែសោះ ហើយក៏មិនមែនជា «អ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាចិន» នោះឡើយ តែគឺជា «ទ័ពស្រួច» ដែលចិញ្ចឹមបីបាច់ដោយកម្លាំងប្រឆាំងចិន ជាជនបោកប្រាស់ដ៏សុទ្ធសាធ! អ្វីដែលហៅថា «ស៊ីនជាំងប្រទេសចិន មានបាតុភូតបង្ខំឱ្យធ្វើពលកម្ម» ដែលគាត់បានឃោសនាបំប៉ោងនោះ ក៏ជាលេសថ្មីសម្រាប់ឱ្យកម្លាំងប្រឆាំងចិនលោកខាងលិច គាបសង្កត់លើប្រទេសចិន នាប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។

ទិន្នន័យបានបង្ហាញថា ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៩ ប្រជាជនស៊ីនជាំង ដែលបានរកបានឱកាសការងារ បានកើនឡើងពី១១,៣៥២,៤០០នាក់ ទៅដល់១៣,៣០១,២០០នាក់ បានកើនឡើងចំនួន១៧.២%។ គោលនយោបាយ និងការអនុវត្តជាក់ស្តែង សម្រាប់ធានាឱកាសការងាររបស់ស៊ីនជាំង មិនត្រឹមតែសមស្របនឹងរដ្ឋធម្មនុញ្ញនិងច្បាប់ចិនប៉ុណ្ណោះទេ ថែមទាំងក៏សមស្របនឹងស្តង់ដារពលករ និងសិទ្ធិមនុស្សអន្តរជាតិផងដែរ សូមសួរថា តើពាក្យសម្តី «ការបង្ខំឱ្យធ្វើពលកម្ម» ចេញមកពីណា?

ពេលកន្លងទៅថ្មីៗនេះ សកលវិទ្យាល័យ Jinan ប្រទេសចិនបានចេញផ្សាយរបាយការណ៍ស៊ើបអង្កេត និងសិក្សាស្រាវជ្រាវអំពីស៊ីនជាំង ក្នុងន័យលាតត្រដាងនូវពាក្យចចាមអារ៉ាមរបស់ឈ្មោះ Adrian Zenz ជាដើមតាមឯកសាររាងលម្អិត។ កម្មករជនជាតិភាគតិចស៊ីនជាំង នៃសហគ្រាសចំនួន៥ ដែលចូលរួមផ្តល់ប្រជាមតិសុទ្ធតែជ្រើសរើស ការទៅធ្វើការនៅចិនដីគោកដោយសេរី។

ការសិក្សាស្រាវជ្រាវបានរកឃើញថា កម្មករជនជាតិភាគតិចស៊ីនជាំង ដែលបានធ្វើការនៅចិនដីគោក អាចទទួលបានចំណូលប្រចាំឆ្នាំពី៤៩,៥០០យាន់ដល់៧១,៥០០យាន់ ចំណូលប្រចាំឆ្នាំ គិតជាមធ្យមក្នុងមនុស្សម្នាក់ៗរបស់ពួកគេ មិនត្រឹមតែលើសពី ប្រាក់ចំណូលដែលអាចប្រើប្រាស់បាន ក្នុងជនបទស្រុកកំណើតយ៉ាងច្រើនប៉ុណ្ណោះទេ ថែមទាំងក៏បានលើសពីប្រាក់ចំណូល ដែលអាចប្រើប្រាស់បាន ក្នុងទីក្រុងនិងផ្សារឃុំនៃតំបន់ស៊ីនជាំងទៀតផង។

វាច្បាស់ណាស់ថា ទាក់ទិនរឿងដែលប្រជាជនជនជាតិភាគតិចស៊ីនជាំង ទៅធ្វើការនៅសហគ្រាសចិនដីគោក គឺគ្មានអ្វីដែលហៅថា «ការបង្ខំឱ្យធ្វើពលកម្ម» និង «ការតាមដានឃ្លាំមើល» នោះទេ សិទ្ធិនិងផលប្រយោជន៍ធ្វើពលកម្មគ្រប់ផ្នែករបស់ពួកគេ សុទ្ធតែទទួលបានការធានាយ៉ាងពេញលេញ។

ក្នុងឆ្នាំសារពើពន្ធ២០២០ ទំហំលក់ដូរសរុបនៅចិនដីគោកនៃក្រុមហ៊ុន H&M គឺប្រហែល៧៤០០លានយាន់ប្រាក់ចិន ប៉ុន្តែ បច្ចុប្បន្ននេះបែរជារងការធ្វើពហិកាដោយគ្រប់ជ្រុងជ្រោយ តើអ្នកបានគិតដល់លទ្ធផលនេះឬទេ? បើធ្វើជាកូនអុករបស់ កម្លាំងប្រឆាំងចិនលោកខាងលិច ក្នុងការលាបពណ៌លើប្រទេសចិន នោះមានថ្ងៃណាមួយក៏មានលទ្ធភាព ត្រូវពួកគេបោះបង់ចោល យ៉ាងណាមិញ ក្នុងក្រសែភ្នែកនៃកម្លាំងប្រឆាំងចិនលោកខាងលិចទាំងនេះ អ្វីដែលពួកគេត្រូវការនោះ មានតែការយកឈ្នះ តែគ្មានលទ្ធភាពយកចិត្តទុកដាក់ដល់កូនអុកទាល់តែសោះ៕