(ប៉េកាំង)៖ យោងតាមតួលេខចុងក្រោយបង្អស់ដែលចេញផ្សាយដោយក្រុមការងារពិសេសនៃក្រុមប្រឹក្សារដ្ឋចិនដើម្បីប្រយុទ្ធប្រាំងនឹងជំងឺ COVID-19 បានឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ច្រើនជាង ៨០.៤លានដូសហើយ ដែលត្រូវបានផ្តល់ជូនប្រជាជនចិននៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី២២ ខែមីនា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១។
ក្រុមការងារបាននិយាយថា ចំនួនអ្នកចាក់វ៉ាក់សាំងនៅក្នុងប្រទេសបានកើនឡើងជាលំដាប់។
នៅជំហានបន្ទាប់ប្រទេសចិនគ្រោងនឹងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងដោយឥតគិតថ្លៃជាទូទៅ ដោយពង្រីកការគ្របដណ្តប់លើប្រជាជនដែលមានហានិភ័យខ្ពស់ ដល់ប្រជាជនទូទៅ។
អាទិភាពនឹងត្រូវផ្តល់ជូនប្រជាជននៅក្នុងវិស័យសំខាន់ៗរួមមានដូចជាវិស័យសុខាភិបាល ចរាចរណ៍ អប់រំ និងនៅកន្លែងធ្វើការសំខាន់ៗដូចជាផ្សារទំនើប សហគ្រាសខ្នាតធំ និងអគារការិយាល័យជាដើម។
គួរបញ្ជាក់ថា ក្រុមការងារដដែលនេះបានគូសបញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំងប្រចាំថ្ងៃនៅក្នុងប្រទេសចិនបានកើនឡើងពី ១.៥លានដូសដល់ ៥លានដូសក្នុងមួយថ្ងៃកាលពីខែកុម្ភៈ ខណៈដែលការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍន៍ក្នុងវិស័យផលិតវ៉ាក់សាំងនៅក្នុងប្រទេសបានរីកចម្រើនគួរឲ្យកត់សម្គាល់៕