(បរទេស)៖ បេសកកម្មបញ្ជូនមនុស្សទៅកាន់ភពអង្គារ (Mars) នឹងក្លាយជាការបោះជំហាន ដ៏ធំបំផុតបន្ទាប់ទៀត នៅក្នុងមហិច្ឆតាស្រាវជ្រាវទីអវកាស របស់មនុស្សលោកយើង។ បច្ចុប្បន្នទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងកំណត់យកទសវត្សរ៍ឆ្នាំ២០៣០ ជាចន្លោះពេលសមរម្យបំផុត សម្រាប់ការបញ្ជូនក្រុមមនុស្សលោកដំបូង ទៅកាន់ទីនោះ។ នេះបើតាមការចេញផ្សាយ ដោយវែបសាយព័ត៌មាន Space នៅល្ងាចថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១។
ប៉ុន្តែការធ្វើដំណើរ ដែលមានចម្ងាយដ៏សែនឆ្ងាយទៅកាន់ភពអង្គារ មិនមែនជារឿងធម្មតានោះទេ បើធៀបនឹងការបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទ ដែលស្ថិតនៅក្បែរនឹងភពយើងផ្ទាល់ កាលពីប៉ុន្មានទសវត្សរ៍មុន។ យើងដឹងហើយថា លំហអវកាសគឺជាបរិស្ថាន ដែលមានគ្រោះថ្នាក់ជាទីបំផុតចំពោះជីវិតរបស់មនុស្ស តួយ៉ាងដូចជាកង្វះកម្លាំងទំនាញ វត្តមានកាំរស្មីវិទ្យុសកម្ម ព្រមទាំងភាពឯកោ និងភាពគ្មានដឹងថ្ងៃនិងយប់ជាដើម។
វាច្បាស់ណាស់ថា បេសកកម្មសែនឆ្ងាយទៅកាន់ភពអង្គារ នឹងទាមទារខ្លាំងបំផុតចំពោះផ្នែករូបរាងកាយ និងសតិអារម្មណ៍របស់មនុស្ស បើប្រៀបធៀបជាមួយបេសកកម្មដទៃៗទៀត ដែលយើងធ្លាប់សម្រេចបានរហូតមកទល់ពេលនេះ កំឡុងកិច្ចប្រឹងប្រែងស្រាវជ្រាវទីអវកាស រយៈពេលប្រមាណជា ៦០ឆ្នាំ។
ការធ្វើដំណើរឆ្ពោះទៅកាន់ភពអង្គារ ហើយត្រឡប់មកផែនដីវិញ នឹងត្រូវប្រើប្រាស់ប្រហែល ១៤ខែ ខណៈពេលវេលាពិតប្រាកដនៃការ បំពេញបេសកកម្មទាំងស្រុងត្រូវគេវាយតម្លៃថា នឹងមានរយៈពេលយ៉ាងតិចក៏ ០៣ឆ្នាំដែរ។ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពជោគជ័យ នៃបេសកកម្មបញ្ជូនមនុស្សឲ្យធ្វើដំណើរក្នុងទីអវកាស គេតម្រូវឲ្យសមត្ថភាពនៃការគិតនិងស្វែងយល់ របស់អវកាសយានិកមានកម្រិតខ្ពស់ ហើយត្រូវចេះធ្វើការជាក្រុម ប្រកបដោយប្រសិទ្ធភាពបំផុត។
យ៉ាងណាមិញ យោងតាមការសិក្សាថ្មីមួយបានរកឃើញថា ភាពកង្វះកម្លាំងទំនាញ នៅក្នុងបេសកកម្មបែបនេះ ជាពិសេសដូចជា ការបំពេញបេសកកម្មទៅភពអង្គារ ដែលនៅឆ្ងាយពីភពរបស់យើង អាចមានផលប៉ះពាល់អវិជ្ជមានជាខ្លាំង ទៅលើសមត្ថភាពនៃការគិត និងឈ្វេងយល់ ក៏ដូចជាសតិអារម្មណ៍របស់អវកាសយានិក។
គួរបញ្ជាក់ថា លទ្ធផលនៃការសិក្សាខាងលើនេះ ពិតណាស់មិនមែនជារឿងថ្មីឡើយ ប៉ុន្តែការរកឃើញផលប៉ះពាល់ដូចៗគ្នាបែបនេះ គឺកំពុងក្លាយជាការជំរុញកាន់តែខ្លាំង ឲ្យក្រុមអ្នកវិទ្យាសាស្ត្រគិតគូរ រកវិធីដោះស្រាយឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចចិត្តដឹកនាំមនុស្ស ទៅកាន់ភពព្រះអង្គារនោះ ព្រោះយើងមិនអាចឲ្យពួកគេ ទៅប្រថុយគ្រោះថ្នាក់ ដែលមាននៅចំពោះមុខនោះឡើយ៕