(ប៉េកាំង)៖ ថ្ងៃទី ២៤ ខែមីនា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយ «របាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សរបស់អាមេរិកឆ្នាំ២០២០»។ ក្នុងបុព្វបទនៃរបាយការណ៍មួយនេះបានចែងថាឆ្នាំ២០២០ ជំងឺកូវីដ១៩ បានរីករាលដាលយ៉ាងខ្លាំងក្លាលើទូទាំងពិភពលោក ដែលបានគំរាមកំហែងយ៉ាងខ្លាំងដល់ សុវត្ថិភាពអាយុជីវិតរបស់មនុស្សជាតិ ការយកជ័យជម្នះលើជំងឺឆ្លងគឺតម្រូវឱ្យបណ្តាប្រទេសនានាលើពិភពលោកជួយគ្នាទៅវិញទៅមក រួមសាមគ្គីគ្នានិងសហការគ្នា ។
ប៉ុន្តែសហរដ្ឋអាមេរិកមិនត្រឹមតែបាត់បង់ការគ្រប់គ្រងជំងឺឆ្លងក្នុងប្រទេសខ្លួនប៉ុណ្ណោះទេ ថែមទាំងបានបាត់បង់របៀបរៀបរយនយោបាយ និងកើតមានការប៉ះទង្គិច ផ្នែកពូជសាសន៍ទៀតផងដែលបានបង្កើតកំណត់ត្រាខាងការរំលោភសិទ្ធិមនុស្ស។ គិតរហូតដល់ដំណាច់ខែកុម្ភៈឆ្នាំ២០២១ ករណីឆ្លងជំងឺកូវីដ១៩ នៅអាមេរិកបាន លើសពី ២៥% នៃចំនួនករណីសរុបលើពិភពលោកដែលមានជនជាតិអាមេរិកជាង ៥សែននាក់បានបាត់បង់ជីវិតដ៏មានតម្លៃ។
ទំនុកចិត្តរបស់ប្រជាជនចំពោះប្រព័ន្ធប្រជាធិបតេយ្យរបស់អាមេរិកបានធ្លាក់មកនៅត្រឹមចំណុចទាបបំផុតក្នុងរយៈពេល ២០ឆ្នាំកន្លងមក។ ជនជាតិភាគតិចរបស់អាមេរិក រងការរើសអើងផ្នែកជាតិសាសន៍ជាទូទៅជីវិតប្រឈមភាពលំបាកខ្លាំង។ គម្លាតរវាងអ្នកក្រនិងអ្នកមានត្រូវពង្រីកយ៉ាងឆាប់រហ័ស ជីវភាពរស់នៅរបស់ពលរដ្ឋវណ្ណៈទាប ក្នុងសង្គមមានភាពល្វីងជូរចត់ខ្លាំង។
ពេលប្រឈមនឹងបញ្ហាសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរបែបនេះ រដ្ឋាភិបាលអាមេរិកមិនត្រឹមតែមិនគិតពិចារណាពីកំហុសរបស់ខ្លួនប៉ុណ្ណោះទេ បែរជានិយាយឆ្ការដៃឆ្ការជើងចំពោះ ស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសដទៃទៀតលើពិភពលោកទៅវិញ វាបានលាតត្រដាងយ៉ាងពេញលេញនូវស្តង់ដាពីរ និងភាពលាក់ពុតរបស់អាមេរិក ក្នុងបញ្ហាសិទ្ធិមនុស្ស។ រំពឹងទុកថាអាមេរិកអាចបោះបង់ចោលភាពលាក់ពុត ទង្វើអនុត្តរភាព និងស្តង់ដាពីរហើយងាកមកដើរស្របតាមទិសដៅដូចគ្នាជាមួយ សហគមន៍អន្តរជាតិ ព្រមនិងរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ៕